បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ខេត្តបាត់ដំបង បានប្រារឰពិធីខួបគំរប់លើកទី១៥២ របស់កាកបាទក្រហម អឌ្ឍចន្ទក្រហមពិភពលោកនេះ សាខាកាកបាទក្រហមខេត្តបានរៀបចំជាមិទ្ទិញ នៅក្នុងស្នាក់ការសាខាកាកបាទក្រហមខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស ខេង តំណាងរាស្ត្រមណ្ឌលបាត់ដំបង, ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សានុសិស្សសរុបប្រមាណជាងមួយពាន់នាក់។
បន្ទាប់ពីមានការអានរបាយការណ៍ស្តីពីគ្រោះមហន្តរាយដែលបានកើតឡើងនៅលើទឹកដីខេត្តបាត់ដំបងនាពេលកន្លងមក ពីលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលមានប្រជាពលរដ្ឋ និងលំនៅដ្ឋានជាច្រើន ត្រូវបានបំផ្លិចបំផ្លាញដោយខ្យល់កន្ត្រាក់ ព្រមទាំងមានខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ផងនោះ ឯកឧត្តម ស ខេង បានលើកឡើងថា នេះគឺជាកិត្តិយសដ៏ធំធេងជាទីបំផុតដែលខេត្តបាត់ដំបងទទួលបាននូវ ថវិកាពីសប្បុរសជននានា បានជួយឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយស្មានតែមិនដល់ ព្រោះកន្លងមកនៅក្នុងពិធីអបអរសាទរខួបគំរប់លើកទី១៥២ ដែលលោកបានអញ្ជើញចូលរួមនៅក្នុងខេត្តព្រៃវែង គឺទទួលបានថវិកាតែ ១៨ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយត្រូវការសាងសង់ទៅលើទីផ្សារមួយកន្លែង ដែលត្រូវភ្លើងឆាបឆេះនា ពេលថ្មីៗនេះដោយសរុបជាទឹកប្រាក់អស់ប្រមាណ៣០ម៉ឺនដុល្លារ។
បើតាមប្រវត្តិ៨ឆ្នាំកន្លងមកនេះ ថវិកាដែលទទួលបាន គឺនៅឆ្នាំ២០០៧ បាន៣៣ម៉ឺនដុល្លារ, ឆ្នាំ២០០៨ បាន ២៨.៧២៥.៣២ដុល្លារ, ឆ្នាំ២០០៩ បាន ១៩.៧៣២.៤៧ដុល្លារ, ឆ្នាំ២០១០ បាន ២១.៤៣៧ដុល្លារ, ឆ្នាំ២០១១ បាន ២៩.៥២៩ដុល្លារ, ឆ្នាំ២០១២ បាន ៣១.០៨០ដុល្លារ, ឆ្នាំ២០១៣ បាន ៤៧.២៧០.៣៦ដុល្លារ និងឆ្នាំ២០១៤ បាន ៦៤៨៩៥.៣៥ ដុល្លារ ហើយឆ្នាំ២០១៥នេះ ទទួលបានជិត ៩០ម៉ឺនដុល្លារ ។
ដោយឡែក ខេត្តបាត់ដំបង កន្លងមកគឺទទួលបានថវិកាពីសប្បុរសជននានាមិនលើសពី៥ម៉ឺនដុល្លារ ឡើយ ហើយនៅពេលនេះការប្រារឰពិធីគឺស្មើនឹងថ្នាក់ជាតិ ព្រោះខេត្តមិនព្រមធ្វើទេ ដោយរង់ចាំលោកមកចូលរួមក្នុងពិធីនេះ បើយោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមខេត្ត
គឺទឹកប្រាក់ដែលទទួលបានពីសប្បុរសជនសរុបមានចំនួន៨៧៧.៤៩៥ដុល្លារសហរដ្ឋអាមេរិក។ ថវិកាទាំងនេះ គឺមានចំនួនយ៉ាងច្រើនលើសលុបដែលមិននឹកស្មានដល់ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក វាមានគម្លាតខុសឆ្ងាយពីគ្នាដូច មេឃ និងដី ទាំងនេះគឺសបញ្ជាក់ឱ្យឃើញថា ទាំងសប្បុរសជនក្នុងស្រុក ក៏ដូចជាសប្បុរសជននៅក្រៅស្រុកផងដែរ ដែលអស់លោកទាំងអស់មានទឹកចិត្តក្នុងការជួយជ្រោមជ្រែងក្នុងការ ឧបត្ថម្ភដល់ជនរងគ្រោះដែលរងគ្រោះដោយគ្រោះធម្មជាតិ។
ឯកឧត្តម ស ខេង បានផ្តាំផ្ញើដល់សាខាកាកបាទក្រហមខេត្តផងដែរ លើការចំណាយផ្សេងៗត្រូវធ្វើឱ្យមានតម្លាភាព និងសុំឱ្យរាយការណ៍ទៅលោកឱ្យបានជ្រាបផងរាល់ការចំណាយទាំងនេះ ដើម្បីជួយឱ្យទាន់សភាពការណ៍លើគ្រោះមហន្តរាយនានាដែលបានកើតឡើង នៅក្នុងខេត្តបាត់ដំបងទាំងមូល។
ជាចុងក្រោយ ពិធីបំពាក់កន្សែងដល់ក្រុមយុវជនកាកបាទក្រហមចំនួន១៣០នាក់ បានប្រព្រឹត្តឡើងយ៉ាងអធិកអធម ព្រមទាំងបានបញ្ចប់ដោយមោទនភាពក្រៃលែង ៕




