ប្រភពព័ត៌មានពីពួកឈ្មួញរកស៊ីដឹកទំនិញគេចពន្ធឱ្យដឹងថា នៅខេត្តបាត់ដំបងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចបានផ្តល់សិទ្ធិឱ្យ លោក ចាន់ សុធា ជាអ្នករៀបចំបង្ក្រាបបទល្មើស ឬនិយាយឱ្យខ្លីជាអ្នកដែលត្រូវរកប្រាក់ឱ្យថ្នាក់លើ ។ ប៉ុន្តែក្រោយបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ឈប់ឱ្យមានកុងត្រូល ជជុះ គឺជាឱកាសដែលផ្តល់ឱ្យមន្ត្រីនគរបាលសេដ្ឋកិច្ចដេកស៊ីដោយស្របច្បាប់ ។
នៅគ្រាដែលថ្នាក់លើឈប់យកលុយពីលោក ចាន់ សុធា ប៉ុន្តែពួកឈ្មួញនៅតែបង់ឱ្យលោក ចាន់ សុធា ដដែល ។ ការទាក់ទងតាមទូរស័ព្ទអំពីការនាំទំនិញចេញចូលក៏ដូចជា ចរាចរឈើជាដើមសុទ្ធតែត្រូវបង់ប្រាក់ឱ្យលោក ចាន់ សុធា ។
លោក ចាន់ សុធា នៅតែមានឱកាសដាក់កម្លាំងដើម្បីតាមឃ្លាំមើល និងយកប្រាក់ពីឈ្មួញអ្នករកស៊ីដឹកទំនិញក៏ដូចជា អ្នករកស៊ី ដឹកជញ្ជូនឈើប្រណីតដដែល ។ បើទោះបីជាគេមិនបានដាក់កុងត្រូលជជុះ ឬប៉ុស្តិ៍ត្រួតពិនិត្យជាក់លាក់ក៏ដោយ ប៉ុន្តែពួកឈ្មួញ ពិតជាមិនអាចគេចវេសពីការបង់ប្រាក់នោះបានឡើយ ។ ពោលគឺត្រូវតែបង់ប្រាក់យ៉ាងហោចណាស់ ៧០ភាគរយនៃតម្លៃ ដែលធ្លាប់បង់ ឬតម្លៃដែលនៅពេលពួកគេដាក់ប៉ុស្តិ៍ ឬកុងត្រូលជាក់លាក់ ។
ករណីនេះថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចទំនងជាគិតថា មន្ត្រីដែលខ្លួនបញ្ជាទៅតាមបណ្តាខេត្ត និងផ្លូវជាតិដើម្បីឱ្យរកប្រាក់បង់ជូនថ្នាក់លើទំនងជាដកអស់ហើយ ។ ផ្ទុយទៅវិញប៉ុស្តិ៍មួយចំនួននៅតែមានកម្លាំងនៅលើដង ផ្លូវហើយមួយចំនួនទៀតបើទោះបីជាមិនធ្វើសកម្មភាពក៏នៅតែអាចយកលុយពីពួកឈ្មួញដែលរកស៊ីខុសច្បាប់នោះបានដែរ ពីព្រោះប្រសិនបើឈ្មួញមិនបង់ប្រាក់ទេ ក្រុមសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចដែលប្រចាំការតាមខេត្ត និងដងផ្លូវនៅតែអាចមាន សិទ្ធិចាប់ទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់នោះបានដដែល ។
ពាក់ព័ន្ធករណីខាងលើ សារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ចាន់ សុធា បាននោះទេ ? ៕



