ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០ម៉ឺននាក់ សប្បាយរីករាយ ក្នុងព្រឹត្តិការណ៍ទទួលទានអំបុកការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាមមូលដ្ឋានរៀងៗខ្លួន ទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីបង្ហាញពីការស្រលាញ់សុខសន្តិភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង និង ការថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ។
ថ្លែងនៅក្នុងកម្មវិធីទទួលទានអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រារធ្វើឡើងនៅបរិវេណរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅរាជធានីភ្នំពេញ បានរៀបចំទីតាំងទទួលទានអំបុកផ្សេងៗគ្នា រហូតដល់ទៅ៨៨៩ទីតាំងដូចជានៅតាមភូមិ សង្កាត់ ខណ្ឌ សាលារៀន វត្តអារាម មន្ទីរ អង្គភាពនានាដែលមានអ្នកចូលរួមរហូតដល់ជាង១០ម៉ឺននាក់ខណៈដែលកម្រិតសាលារាជធានីភ្នំពេញបានរៀបចំនៅរមណីដ្ឋានវត្តភ្នំ មានអ្នកចូលរួមជាង២៥០០នាក់។
លោកអភិបាលបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងព្រឹត្តិការនេះ ម្នាក់ៗបាន សម្តែងការសប្បាយរីករាយ ជាមួយការទទួលទានអំបុក ការរាំកម្សាន្ត និងការទស្សនាការសម្តែងសិល្បៈ បុរាណសម័យ និងទិដ្ឋភាព បុកអំបុក បោក បែនស្រូវ តាមបែបប្រពៃណីខ្មែរនៅជនបទ។ ពិធីទទួលទានអំបុក ដ៏សែនសប្បាយរីករាយនេះ បានធ្វើឡើងក្នុងឱកាសដែល ប្រជាពលរដ្ឋកម្ពុជាកំពុងរីករាយទទួលអំណរសាទរបុណ្យឯករាជ្យជាតិ លើកទី៦៦(៩ វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា២០១៩) និងខួបលើកទី៦៦ ថ្ងៃកំណើតកងយោធពលខេមរភូមិ និងការត្រៀមខ្លួនចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពិសេសបានបង្ហាញនូវអត្ថន័យដ៏ត្រចះត្រចង នៃភាពសុខដុមរម្យនារបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីឯកភាពជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្រោមម្លប់ សុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រាជធានី ខេត្ត មកចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូកដោយធានាថា ពិធីបុណ្យរយៈ៣ថ្ងៃនោះ មានសុខសុវត្ថិភាពយ៉ាងពេញលេញ រដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនមិនឱ្យមានចន្លោះប្រហោងនោះឡើយ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា កម្ពុជា ក្រោមការ ដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍ រីកចម្រើនឈានឡើងលើគ្រប់វិស័យ ហើយប្រជាជនទូទាំងប្រទេស កាន់តែមានជីវភាពល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា និងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ។
លោកជំទាវបន្ថែមថា ការរៀបចំពិធីអកអំបុកនាពេលនេះ ដើម្បីអបអរសាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារ ជាតិ សាសនា ព្រះមហាក្សត្រផង ពិសេស ដើម្បីទប់ស្កាត់ជនក្បត់ជាតិមួយចំនួន ដែលមានបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កចលាចល អសន្តិសុខ និងវិនាសកម្ម ដល់ប្រទេសជាតិយើង។ ម្យ៉ាងទៀត ក៏ចង់ក្រើនរំលឹកដល់យុវជនជំនាន់ក្រោយៗទៀត ឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែងយល់បន្ថែមទៀត អំពីប្រវត្តិ និងប្រពៃណីពីបុរាណរបស់ខ្មែរយើង និង បានស្គាល់អំពីរបៀបបុកអំបុក ឬក៏ការធ្វើអំបុកកាន់តែច្បាស់ ។
សូមបញ្ជាក់ថា អុំបុកគឺជាអាហារប្រពៃណីមួយប្រភេទ ដែលបុព្វបុរសខ្មែរកែច្នៃ មិនតែជាដង្វាយ ដែលមិនអាចខ្វះបាន ថ្វាយដល់ដួងព្រះចន្ទ នារាត្រី១៥កើត ខែកក្តិកជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាហារក្រៀម ដ៏ឈ្ងុយឆ្ងាញ់ពិសារ សម្រាប់ទទួលទាន នារដូវទឹកស្រក ឬបន្ទាប់ពីប្រមូលផលស្រូវពីដើមដៃផងដែរ៕













