(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានប្រារព្ធពិធីអបអរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ”ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។
អង្គពិធីបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្តកែប ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ប្ធ្រានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប អមដំណើរដោយ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងប្រតិភូអមដំណើរជាច្រើនរូប ព្រមទាំងអស់លោក-លោកស្រី ជាសមាជីក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងសមាជិក សមាជិកាសាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុង ស្រុក សិស្ស និស្សិតយុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធនិងសប្បុរសជន សរុបចំនួនប្រមាណ ៥១៤នាក់។
ក្នុងឱកាសនោះ លោក កែន សត្ថា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ថា រយៈពេល៦អាណតិ្តកន្លងមកនេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាសីុប៉ាសីុហ្វិកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនងាយរងគ្រោះនៅទូទាំងប្រទេស។ លើសពីនេះ សម្តេចបានខិតខំជម្នះរាល់ការលំបាករាល់ភាពស្មុគស្មាញទាំងឡាយ និងធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកែប សម្រេចបានលទ្ធផលការងារយ៉ាងច្រើនឥតគណនាក្នុងបុព្វហេតុបេសកកម្មមនុស្សធម៌ និងសង្គ្រោះដល់ជនរងគ្រោះគ្រប់ប្រភេទ ស្របតាមគោលការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាគឺ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អធ្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា សក្ខីភាពនៃភារកិច្ចមនុស្សធម៌ និងសង្គ្រោះនេះត្រូវទទួលបាននូវទំនុកចិត្តពីមហាជនគ្រប់ស្រទាប់ដោយសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់រហូតដល់ការចាប់ផ្តើមដំណើរការ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជាផ្លូវការរបស់ខ្លួន តាមរយៈថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គពិធីទាំងមូលនាពេលនេះ។
ថ្លែងក្នុងអង្គពិធីព្រឹកនេះ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ថា៖ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ ការយកចិត្តទុកដាក់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលត្រូវការឲ្យជួយសង្គ្រោះដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។
លោក ទេសរដ្ឋមន្ត្រី ក៏បានចាត់ទុកការចូលរួមពីសំណាក់ សមាជិក សមាជិកា សប្បុរសជនពេលនេះគឺជាសក្ខីភាពបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដែលមានតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពនិងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌របស់ចលនានិងការអភិវឌ្ឍសហគមន៍។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជនដែលតែងតែបានចូលរួមផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាដល់សាខាកាកបាទក្រហមខេត្តកែប និងក៏បានអំពាវនាវសូមឲ្យបន្តការគាំទ្រនេះថែមទៀត ដើម្បីការធានាបាននូវេការផ្គត់ផ្គង់ផ្នែកធនធានហិរញ្ញវត្ថុដែលជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ប្រតិបត្តិការមនុស្សធម៌ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់អ្នករងគ្រោះនិងអ្នកងាយរងគ្រោះបំផុតដែលត្រូវការជំនួយជាចាំបាច់។
សូមជម្រាបថា៖ វិភាគទានថវិកាដែលសប្បុរសជនបានចូលរួមជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកែបក្នុងឆ្នាំ២០១៩នេះ សរុបមានចំនួន ៧២.៦៥៥ដុល្លារ បើប្រៀបធៀបកាលពីឆ្នាំមុន គឺកើនឡើងចំនួន១២.៤៨៧ដុល្លារ ខណៈដែលកាលឆ្នាំ២០១៨ ទទួលថវិកាពីសប្បុរសជនបានត្រឹមតែចំនួន ៦០.១៦៨ ដុល្លារនោះ៕ សេង ណារិទ្ធ











