(ខេត្តកំពត)៖ សាលាដំបូងខេត្តកំពតកាលពីព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩បានបង្គាប់ឱ្យប្រធានមន្ទីរឃុំឃាំងខេត្តកំពតឃុំខ្លួនបណ្តោះអាសន្នដល់មន្ត្រីនគរបាលស្រុកទឹកឈូម្នាក់ ក្នុងបទប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធខុសច្បាប់។
យោងដីកាលេខ៨១/១៩ចុះថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៩របស់លោកអាំង សុភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត មានខ្លឹមសារថា ត្រូវបង្គាប់មកលោកប្រធានមន្ទីរឃុំឃាំងខេត្តកំពត ឱ្យឃុំខ្លួនបណ្តោះអាសន្នចំពោះបុគ្គល ឈ្មោះ ហុកចេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខងារជាមន្ត្រីនគរបាលស្រុកទឹកឈូ មានទីលំនៅភូមិមាត់ពាមឃុំមាក់ប្រាងស្រុកទឹកឈូ ខេត្តកំពត ពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធខុសច្បាប់ ដោយបទល្មើសនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៩ស្ថិតនៅភូមិមាត់ពាមឃុំមាក់ប្រាងស្រុកទឹកឈូ ខេត្តកំពត។តាមប្រភពក្រៅផ្លូវការបានរៀបរាប់ថាកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជនត្រូវចោទដែលជាមន្ត្រីនគរបាលស្រុកទឹកឈូរូបនោះបានបាញ់បណ្តាលឱ្យស្ត្រីម្នាក់រងរបួសកំភួនជើងផ្នែកខាងស្តាំ។
ប្រភពដដែលបានសម្តែងក្តីសង្ស័យថា ករណីនេះអាចជនត្រូវចោទមានបំណងបាញ់សម្លាប់ប្តីរបស់ស្ត្រីរងគ្រោះក្នុងករណីផ្សេង តែចៃដន្យគ្រាប់កាំភ្លើងហើរខុសគន្លងគោលដៅ ទើបត្រូវកំភួនជើងស្ត្រីជាប្រពន្ធឱ្យរងរបួសតែម្តង៕
សេង ណារិទ្ធ



