ព្រះសីហនុ ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កិច្ចប្រជុំបូក សរុបការស្រង់ស្ថិតិជំហានដំបូងជនបរទេសស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍បាន ឱ្យដឹងថា ក្នុងយុទ្ធនាការស្រង់ស្ថិតិជនបរទេសស្នាក់នៅ ធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ តាមគោលដៅអាជីវកម្ម ២.០៥២ មានជនបរទេសស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៤០.៧៧០នាក់ ស្រី ៨.៣៨៧នាក់ មាន ៥៧សញ្ជាតិ មានអាជីវកម្មធុនតូច ១៦៧ប្រភេទ។ លោកបានបន្តថា ការចុះស្រង់ស្ថិតិនេះមានម្ចាស់ទីតាំងមួយចំនួន មិនបានសហការផ្តល់ទិន្នន័យជាក់លាក់ពីជនបរទេសស្នាក់នៅ និងបម្រើការងារនៅកន្លែងរបស់ខ្លួនខ្លះដែរ។
ឯកឧត្តម យន្ត មីន អភិបាលខេត្ត បានមានប្រសាសន៍ថា អ្នកវិនិយោគ និងទេសចរចិនស្នាក់នៅខេត្តព្រះសីហនុ មានប្រមាណ ៧ម៉ឺននាក់។ លោកអភិបាលខេត្ត ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ ផ្តល់ផលវិជ្ជមានយ៉ាងច្រើន ជួយឱ្យខេត្តបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែវាមានផលអវិជ្ជមានតិចតួចដែរ។ លោកបានប៉ាន់ប្រមាណថា មានប្រជាពលរដ្ឋពី ៩០ ទៅ ៩៥ភាគរយ អបអរសាទរចំពោះការវិនិយោគ និងទេសចរចិនមកខេត្តព្រះសីហនុ។
អាជ្ញាធរខេត្ត បានអនុវត្តគោលនយោបាយការគៀងគរចំពោះអ្នកវិនិយោគ និងទេសចរ ដើម្បីបង្កើនចំណូលថវិកាជាតិ បន្តជម្រុញគ្រប់គ្រងជនបរទេស ធានាការពារសន្តិសុខ សុវត្ថិភាពដល់វិនិយោគ និងទេសចរ ធ្វើឱ្យខេត្តមានការអភិវឌ្ឍលឿន ថ្វីត្បិតការវិនិយោគវាមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងប្រព័ន្ធលូរ។ ក៏ប៉ុន្តែបច្ចុប្បន្នមានសំណង់អគារធំ ខ្ពស់ប្រមាណជាង ២០០ កំពុងតែកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ហើយសង្ឃឹមថា នៅមានសំណង់ជាច្រើនទៀតបន្តកើតឡើងជាបន្តបន្ទាប់នាពេលខាងមុខ។
ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍បូកសរុបកិច្ចប្រជុំត្រួតពិនិត្យស្តីពីការស្រង់ស្ថិតិជនបរទេសជំហានដំបូង ដែលស្នាក់នៅ និងប្រកបរបរអាជីវកម្មក្នុងខេត្តព្រះសីហនុ ដោយគូសបញ្ជាក់ថា ការហូរចូលយ៉ាងលឿនពីជនបរទេសរាប់ម៉ឺននាក់ និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនូវសណ្ឋាគារ កាស៊ីណូ រីសត ខុនដូ រោងចក្រ សហគ្រាស ផ្ទះសំណាក់ និងអាជីវកម្មផ្សេងៗទៀត ភាគច្រើនការវិនិយោគ និងអាជីវកម្មជារបស់ជនជាតិចិន។
ដូច្នេះសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្រុង-ស្រុក ខេត្ត បន្តអនុវត្តនូវយន្តការទទួលខុសត្រូវក្នុងភូមិសាស្ត្រ តាមច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្ម ផ្តល់ព័ត៌មានទិន្នន័យជនបរទេសស្នាក់នៅ ដើម្បីជម្រុញឱ្យជនបរទេសទៅឱ្យសុំប័ណ្ណការងារ សៀវភៅការងារ បង្កើនវិធានការត្រួតពិនិត្យផ្លូវច្បាប់ ចំពោះជនបរទេសដែលស្នាក់នៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងអោយបានត្រឹមត្រូវ។ជនបរទេសដែលមកដោយស្របច្បាប់ត្រូវយកចិត្តទុកដាក់ និងការពារពួកគាត់អោយបានល្អចំណែកជនបរទេសដែលមកដោយខុសច្បាប់ត្រូវមានវិធានការស្របតាមច្បាប់កម្ពុជា៕






