ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះជួបសម្រប សម្រួលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣៦គ្រួសារ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ដែលបានមករដ្ឋបាលស្រុក ដើម្បីស្នើសុំជួយដោះ ស្រាយសំណង ពាក់ព័ន្ធផលប៉ះពាល់លើដីស្រែមានប័ណ្ណកម្មសិទ្ធិ ដែលកងវិស្វកម្មអគ្គបញ្ជាការក្រសួងការពារជាតិកំពុងដំណើរការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន។
ក្នុងកិច្ចសម្របសម្រួល លោកអភិបាលបានមានប្រសាសន៍លើកឡើងនូវលិខិតបទដ្ឋានគតិយុត្តិមួយចំនួនសំខាន់ៗពាក់ព័ន្ធនឹងការកំណត់គម្លាតអ័ក្សពីខ្សែបន្ទាត់ព្រំដែនចម្ងាយ ៣០ម៉ែត្រយ៉ាងតិច របស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លើសពីនេះលោកអភិបាលបានជម្រាបដល់បងប្អូនប្រជាពលរដ្ឋថា មានផ្លូវដើម្បីអភិវឌ្ឈន៍ព្រំដែន មានការរីកចម្រើន និងដើម្បីការពារទឹកដីរបស់ជាតិយើង ដោយរូបលោកនឹងចាត់ក្រុមការងារស្រុកនិងភូមិ ឃុំ សហការជាមួយកងវិស្វកម្ម ចុះពិនិត្យសិក្សា និងស្រង់ទិន្នន័យផលប៉ះពាល់នានា រួចធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីស្នើសុំគោលការណ៍ជាបន្ទាន់។
ជាមួយនេះលោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមកុំចាញ់បោកការញុះញុងពីសំណាក់ជនអគតិមួយចំនួន ដែលមានគំនិតចង់បំផ្លិចបំផ្លាញជាតិ ពិសេសសូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរស្រុក ឃុំ ជួយបង្កលក្ខណៈងាយ ស្រួលដល់អង្គភាពកងវិស្វកម្មបានដំណើរការធ្វើផ្លូវតាមផែនការ។
បន្ទាប់ពីបានស្តាប់នូវប្រសាសន៍សម្រប សម្រួលរបស់ថ្នាក់ដឹកនាំស្រុករួចមក បងប្អូនប្រជាពលរដ្ឋបានជ្រួតជ្រាបច្បាស់ និងមានសេចក្តីសោមនស្សរីករាយ ដោយទទួលយកនូវអនុសាសន៍ណែនាំល្អៗ ពីថ្នាក់ដឹកនាំស្រុក៕
សេង ណារិទ្ធ






