កំពត ៖ ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារដែលរស់នៅក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង និងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បាននាំគ្នាមកកាន់សាលាស្រុក ដើម្បីសុំឱ្យអាជ្ញាធរជួយដកបង្គោលចេញពីផ្ទៃបឹងឈូករបស់រដ្ឋ ដែលគេបោះបង្គោលជាច្រើនដើម ប៉ុនប៉ងរំលោភយកធ្វើជាកម្មសិទ្ធិឯកជន។
ការបញ្ចេញប្រតិកម្មយ៉ាងពោះកញ្ជ្រោលដើម្បីឱ្យរដ្ឋបាលស្រុកកំពង់ត្រាច ជួយចាត់ការរឿងបង្គោលក្នុងបឹងឈូកនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៨នៅឯបរិវេណសាលាស្រុកកំពង់ត្រាច។
ទាក់ទិននឹងករណីតវ៉ាខាងលើ បើតាមការលើកឡើងរបស់លោកពូឈ្មោះ ភូ ហ៊ តំណាងឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារ បាននិយាយថា គាត់នាំគ្នាមកកាន់សាលាស្រុកក្នុងព្រឹកនេះ គឺមកសំណូមពរដល់អភិបាលស្រុកកំពង់ត្រាច ឱ្យជួយចាត់វិធានការទៅលើបុគ្គលឈ្មោះ សំ អេន រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានបោះបង្គោលរំលោភយកដីបឹងឈូករបស់រដ្ឋ ថែមទាំងមានគោលបំណងលុបបឹងឈូកដែលជាផ្លូវបញ្ចៀសទឹកជំនន់ទៀតផង។លោកពូ ភូ ហ៊ បានបញ្ជាក់ទៀតថា ពេលនេះ បុគ្គលឈ្មោះ សំ អេន បានបោះបង្គោលរំលោភចូលក្នុងបឹងឈូករបស់រដ្ឋប្រមាណ២០បង្គោលទៅហើយ ប៉ុន្តែរយៈពេលនេះបែរជាអាជ្ញាធរស្រុកមិនទាន់ចាត់វិធានការ ហើយសេចក្តីជូនដំណឹងក៏បានហួសកាលបរិច្ឆេទរយៈពេល២០ថ្ងៃមកហើយដែរ។លោកពូ ដែលជាតំណាងប្រជាពលរដ្ឋខាងលើបានលើកឡើងទៀតថា ពួកគាត់សំណូមពរតាមគោលការណ៍ពីរចំណុចធំ ទី១/-គឺសុំឱ្យអាជ្ញាធរត្រូវតែដកបង្គោលចេញពីដីបឹងសាធារណៈរបស់រដ្ឋដោយគ្មានលក្ខខណ្ឌ។ទី២/-សំណូមដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធត្រូវតែកំណត់ព្រំប្រទល់រវាងដីកម្មសិទ្ធិនិងដីបឹងរបស់រដ្ឋឱ្យបានច្បាស់លាស់ ដោយរក្សាទំហំផ្ទៃបឹងឱ្យនៅដូចដើមវិញដដែល។
លើសពីនេះ ប្រជាពលរដ្ឋដែលកំពុងផ្ទុះប្រតិកម្ម ក៏បាននាំគ្នាលើកឡើងថា បើរដ្ឋបាលស្រុកកំពង់ត្រាចសន្យាហើយធ្វើមិនបាននោះ ពួកគាត់នឹងឡើងទៅជួប លោកអភិបាលខេត្តកំពត ដើម្បីសុំអន្តរាគមន៍ ក្នុងករណីបុគ្គលខិលខូចបោះបង្គោលរំលោភយកបឹងឈូកនេះនាពេលឆាប់ៗខាងមុខ។
ជុំវិញបញ្ហាខាងលើ អភិបាលស្រុកកំពង់ត្រាច លោក អូន ខន បានប្រាប់ អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៨នេះថា រឿងបោះបង្គោលក្នុងបឹងឈូករបស់រដ្ឋប៉ុនប៉ងរំលោភយក ពីសំណាក់ ឈ្មោះ សំ អេន កន្លងមកលោកធ្លាប់ធ្វើសេចក្តីជូនដំណឹង ជម្រាបឱ្យគាត់ដកបង្គោលចេញម្តងហើយ គឺនៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៨ ដោយបានកំណត់ឱ្យឈ្មោះ សំ អេន ត្រូវតែដកបង្គោលឱ្យអស់ពីដីបឹងឈូកនៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៨ជាកំហិត ប៉ុន្តែបុគ្គលម្ចាស់បង្គោលរឹងរូសមិនព្រមដកចេញតាមការជូនដំណឹងនោះទេ។ដូច្នេះលោកនឹងជូនដំណឹងម្តងទៀត(លើកទី២)បើលើកនេះ ឈ្មោះ សំ អេន នៅតែរឹងរូសមិនព្រមដកបង្គោលទេ លោកនឹងចាត់វិធានការទៅតាមច្បាប់ជាធរមាន ធ្វើបែបនេះ គឺស្របទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋចំនួន៣៧គ្រួសារ ដែលបានមកប្តឹងរដ្ឋបាលស្រុកនៅព្រឹកមិញនេះ។លោកក៏បាកបញ្ជាក់ថា នេះជាលើកទី២ហើយដែលពលរដ្ឋចំនួន៣៧គ្រួសារមកសុំឱ្យអាជ្ញាធរស្រុកដកបង្គោលចេញពីបឹងឈូករបស់រដ្ឋឱ្យខានតែបាន។ក្រោយពីមានការសំណូមពរបែបនេះលោកខិតខំទប់ស្កាត់ ដាច់ខាតមិនឱ្យបុគ្គលម្នាក់ទន្ទ្រានយកដីបឹងហើយសុំស្នើប័ណ្ណកម្មសិទ្ធិបានទេ ព្រោះថាចំណុចបឹងនេះពិតជាមានផលប៉ះពាល់ច្រើន ដូចជាប្រជាពលរដ្ឋក្នុងភូមិដាសស្គរ និងភូមិកោះខ្លូត ត្រូវការបឹងឈូកនេះជាទីតាំងបណ្តោះទឹកជំនន់ភ្លៀង។លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានបន្ថែមថាលោកនឹងការពារដាច់ខូចមិនឱ្យបុគ្គលមួយគ្រួសារ(ប្តីឈ្មោះ សំ អេន និងប្រពន្ធឈ្មោះ សេង យិ)រំលោភយកដីបឹងឈូករបស់រដ្ឋបានទេ ហើយលោកនឹងស្រាវជ្រាវដើម្បីវែកមុខអ្នកដែលកំពុងឃុបឃិតឬកាងពីក្រោយ នៃការរំលោភយកដីបឹងធម្មជាតិរបស់រដ្ឋនេះផងដែរ ដើម្បីចាត់វិធានតាមផ្លូវច្បាប់។
គួររំឭកថា ដីបឹងឈូកស្ថិតចំណុចភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតនេះ កន្លងមកមានបុគ្គលមួយគ្រួសារបានឃុបឃិតជាលក្ខណៈប្រព័ន្ធ រវាងមន្ត្រីអន្ទ្រើសៗមួយក្តាប់តូចនៅក្នុងស្រុកកំពុងត្រាច ដោយបានប្រើគ្រប់រូបភាពក្នុងគោលបំណងក្រសោបយកដីបឹងឈូកខាងលើ ធ្វើជាសម្បតិ្តឯកជន តែគ្រប់រូបភាពទាំងអម្បាលមាន ត្រូវបានអភិបាលស្រុកបច្ចុប្បន្នធ្វើការទប់ស្កាត់ជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចទាំងមូល រង់ចាំមើលថា តើចំណាត់ការនេះអនុវត្ត មានប្រសិទ្ធភាព ដូចការសន្យារបស់លោកអភិបាលស្រុកកំពង់ត្រាចដែរឬទេ?៕
សេង ណារិទ្ធ








