(កំពត)៖ នេះជាគ្រោះថ្នាក់ចរាចរណ៍មួយបង្កការភ្ញាក់ផ្អើលនិងធ្វើឲ្យអ្នកដំណើរលោះព្រលឹងគ្រប់ៗគ្នា ខណៈមានរថយន្តប្រភេទកុងទីន័រ បោះពួយទៅបុកតូបលក់អយស្ទ័រនិងបុករថយន្តម៉ាកតាកូម៉ាមួយគ្រឿងដែលកំពុងឈប់ចតស្ងៀមរួចបន្តទៅបុករថយន្តម៉ាកតូយូតាមួយគ្រឿងទៀតនៅខាងមុខ ហើយបុករះម៉ូតូ៦គ្រឿងបន្តបន្ទាប់ទៀតដែលឈប់ចតនៅចិញ្ចើមផ្លូវ។ប៉ុន្តែហេតុការណ៍នេះពុំបណ្តាលឲ្យមានអ្នកណារងគ្រោះថ្នាក់នោះទេ។
ឧប្បតិ្តហេតុដែលចាត់ទុកជាសំណាងមួយក្នុងមួយមឺុនគ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចស្ពានកោះតូច(កន្លែងតូបលក់អយស្ទ័រ) ស្ថិតក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត លើដងផ្លូវជាតិលេខ៣ កាលពីរសៀលថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១៥និង៤០នាទី។
យោងតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបករណីភ្ញាក់ផ្អើលដូចខាងលើ គេឃើញរថយន្តខ្នាតយក្សប្រភេទសណ្តោងកុងទីន័រ បោះពួយពីលិចទៅកើត ដោយប្រើល្បឿនគួរឲ្យខ្លាច លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងលក់អយស្ទ័រ ស្រាប់តែរថយន្តខ្នាតធំនេះជ្រុលចង្កូតទៅបុករថយន្តម៉ាកតាកូម៉ា ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ រួចរថយន្តបង្កបានបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក តូយូតា ក្រឡាប់ផ្ងារជើង ទើបរអិលទៅបុករះតូបលក់អយស្ទ័របាក់ខ្ទេចខ្ទី ហើយបុក កិនកំទេចម៉ូតូអស់ចំនួន៦គ្រឿងថែមទៀត រួចរថយន្តបង្កក៏បត់ក្បាលត្រឡប់ក្រោយឆ្ពោះទៅខាងលិចវិញព្យាយាមបើកគេច លុះមកដល់ចំណុចខាងលិចផ្លូវចូលណាតាយ៉ារីសតព្រែកអំពិលប្រហែល១០០ម៉ែត្រស្រាប់តែក្រឡាប់តែម្តង ដោយខណៈនោះអ្នកបើកបររថយន្តបង្កហេតុគេចខ្លួនបាត់។
ប្រភពដដែលបានបញ្ជាក់ថា ពេលមានករណីបែបនេះ ចាត់ទុកជាសំណាងល្អ ព្រោះតែម្ចាស់យានយន្តទាំងអស់ឈប់រកទិញអយស្ទ័រ ដោយម្ចាស់យានយន្តមិននៅក្នុងរថយន្តនោះទេ ទើបមិនបានបង្កជាសោកនាដកម្មកើតឡើងបែបនេះ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នេះជាគ្រោះថ្នាក់ចរាចរណ៍មួយមហាសំណាង ដែលបង្កឡើងដោយរថយន្តម៉ាកកុងទឺន័រ ពាក់ស្លាកលេខ ក្បាលភ្នំពេញ C3-7166 និងលេខកន្ទុយ ភ្នំពេញ 4A-2217 ដោយពេលនេះម្ចាស់គេចខ្លួនបាត់ស្រមោល។
ប៉ូលិសបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ខាងលើថ្វីត្បិតពុំមានមនុស្សស្លាប់និងរបួស តែបានធ្វើឲ្យបាក់តូបលក់អយស្ទ័រនិងបណ្តាលឲ្យយានយន្តខូចខាតចំនួន៨គ្រឿង ក្នុងនោះម៉ូតូ៦គ្រឿ ព្រមទាំងរថយន្ត២គ្រឿង រួមមាន៖ទី១.រថយន្តតាកូម៉ាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-1913(ខូចខាតធ្ងន់ធ្ងរ) ដែលជាកម្មសិទ្ធិរបស់ម្ចាស់តូបអយស្ទ័រ ឈ្មោះយឹម រ័ត្នអឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូនិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ទី២. រថយន្តម៉ាក តូយូតា ពាក់ស្លាកលេខ គ.4447ភព2(ខួចខាតធ្ងន់ធ្ងរ)ជារបស់ភ្ញៀវចូលទិញអយស្ទ័រ ម្ចាស់ឈ្មោះ ម៉ាត់ ស្មាន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។ដោយឡែក ម៉ូតូដែលរងការខូចខាតក្នុងហេតុការណ៍នោះ រួមមាន៖ម៉ាក សេ១២៥ចំនួន៦គ្រឿង និង២គ្រឿងផ្សេងទៀតម៉ាកគុបនិងម៉ាកវេវដែលម្ចាស់ចតចោលនៅក្នុងតូបអយស្ទ័រ។
ចំពោះមធ្យោបាយពាក់ព័ន្ធ ក្រោយពីវាស់វែង សមត្ថកិច្ចបាននាំយកទៅរក្សាទុក សម្រាប់ធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ណារិទ្ធ





