កំពត ៖ មានករណីវិវាទមួយដោយបានកើតឡើងស្ទើស្មានមិនដល់ ខណៈអ្នកជួលតូបលក់ដូរក្នុងផ្សារសាមគ្គីខេត្តកំពត បានបបួលគ្នាប្តឹងយកតូបដែលធ្លាប់ជួលលក់ដូររាប់ឆ្នាំ មកធ្ចើជារបស់ផ្ទាល់ខ្លួន ថែមទាំងមិនបានបង់ថ្លៃឈ្នួលតូបរយៈពេលជិតមួយឆ្នាំផងដែរ។
ដើមចមនៃរឿងរ៉ាវខាងលើនេះ បើតាមការអះអាងពីម្ចាស់តូប ឈ្មោះ លី ហ៊ុយ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត បានរៀបរាប់ថា ក្រុមអាជីវករដែលកំពុងប្តឹងទាមទារយកតូបរបស់អ្នកស្រី មានចំនួន២៩នាក់ទេ តែពេលគេផ្តិតមេដៃគឺមានរហូតដល់ទៅ៣៨នាក់ឯណោះ។គាត់បានឲ្យដឹងថា កាលពី(ឆ្នាំ១៩៨៧) ចំណុចតូបឬស្តង់ខាងលើជាត្រពាំងទឹក ប៉ុន្តែក្រោយពីបានបង្កើតផ្សារឪពុករបស់គាត់បានចាក់ដីនិងធ្វើជាតូប សម្រាប់ជួលឲ្យបងប្អូនអាជីវករលក់ដូរ ហើយដំបូងដោយខ្វះធនធានទើបឪពុករបស់អ្នកស្រី ឈ្មោះ តា ពក សង់តូបប្រក់ដំបូលស្លឹកចាកបណ្តោះអាសន្ន។លុះក្រោយមកដោយទទួលបានថ្លៃឈ្នួលជួលតូបបន្តបន្ទាប់មក ទើប ឪពុកខ្លួនរៀបចំប្រក់ជាដំបូលសង្កសីឬក្បឿងវិញ។
ភាគីម្ចាស់តូបបានបញ្ជាក់ថា តូបដែលឪពុករបស់គាត់ ឈ្មោះ តាពកកាន់កាប់នេះ ត្រូវបានទទួលស្គាល់ពីប្រធានផ្សារ ឈ្មោះស៊ូ ហៀង ដែលមានតូបសរុបចំនួន១២តូប ប៉ុន្តែកាលមុនពេលតាពកជាឪពុកស្លាប់ទៅ ក៏បានបែងចែកតូបទាំងអស់ដល់កូន ចៅ ចំនួន៤គ្រួសារ គឺមួយគ្រួសារកាន់កាប់បីតូប។គាត់បានឲ្យដឹងទៀតថា ក្រោយពីទទួលសិទ្ធិកាន់កាប់ គឺការជួលឲ្យក្រុមអាជីវករក្នុង១តូបត្រឹមតម្លៃ៥០ដុល្លា ស្មើនឹង២០០.០០០រៀលប៉ុណ្ណោះ ដោយអាជីករខ្លះបានលក់ដូរនិងខ្លះទៀតជួលបន្តកេងចំណេញលើសតម្លៃជួលពីគាត់ទ្វេរដងក៏មានដែរ ដោយបានបន្តមកដល់អំឡុងបច្ចុប្បន្ន។អ្នកខ្លះជួលលក់ក្នុងរយៈកាលជិត៣០ឆ្នាំ តាំងពីក្ររហូតដល់បច្ចុប្បន្នចង់ក្លាយជាសេដ្ឋីទាំងអស់គ្នាទៅហើយ ស្រាប់តែនៅដើមឆ្នាំ២០១៧កន្លងទៅនេះ ក្រុមអាជីវករមួយផ្នែកក៏បញ្ឈប់ការបង់ថ្លៃជួលតូប ដោយបង្វែទិសដៅប្តឹងទាមទារយកតូបដែលគេជួលលក់ដូរ ដើម្បីយកធ្វើជារបស់ខ្លួនទៅវិញ។អ្នកស្រីបានបញ្ជាក់ទៀតថា ក្នុងចំណោមតូបទាំង១២គឺមានតូបចំនួន៨ដែលស្ថិតជាប់របងចំណុចខាងត្បូងផ្សារ ផ្នែកខាងលិចប៉ុណ្ណោះដែលត្រូវអាជីវករប្តឹងទាមទារ ចំណែកតូបលក់ដូរ៤ទៀត គឺអ្នកជួលនៅតែគោរពកិច្ចសន្យា និងបង់ថ្លៃប្រចាំខែជាធម្មតា ដោយមិនមានចិត្តលោភលន់ដូចក្រុមអ្នកជួលតូបទាំង៣៨នាក់នោះឡើយ។
ទាក់ទិននឹងករណីនេះដែរ បើតាមប្រភពខ្សឹបខ្សៀវបានលួច ទម្លាយថា ដើមចមនៃការលោភលន់ ខុសតម្រានេះ អាចមកពីមានអ្នកកាងនៅពីក្រោយ ដែលមានអំណាច និងមានមុខមាត់ក្នុងសង្គមម្នាក់ធ្វើការនៅក្នុងរដ្ឋបាលខេត្ត ដោយបានបើកសញ្ញាភ្លើងខៀវដល់ក្រុមអាជីវករដែលកំពុងជួលតូបលក់ដូរក្នុងផ្សារសាមគ្គីខេត្តកំពត ។ ម្យ៉ាងទៀតក្រុមអាជីវករក៏នាំគ្នាគិតថា តូបនេះពួកគេជួលលក់ដូរ២០ឬ៣០ឆ្នាំទៅហើយ គួរតែប្តឹងយកមកធ្វើជារបស់ខ្លួនតែម្តងទៅ។
ប្រភពជឿជាក់បានបង្ហើបទៀតថា ភាពមិនប្រក្រតីនេះពិតជាផ្តើមឡើងដោយសារអាជីវករជួលតូបខាងលើឃុបឃិតជាមួយមន្ត្រីថ្នាក់ធំក្នុងខេត្តកំពតម្នាក់ ទើបកើតជាបញ្ហាចម្រូងចម្រាស រហូតមានការប្តឹងតវ៉ានៅសាលាក្រុងនិងសាលាខេត្តកំពតជាបន្តបន្ទាប់យ៉ាងនេះ។
ពាក់ព័ន្ធនឹងករណីរំលោភបំពាននេះ លោក ចែម ផា អភិបាលរងក្រុងកំពតបានប្រាប់ថា រឿងអ្នកជួលតូបគេលក់ ហើយប្តឹងទាមទារនោះ គឺភាគីអ្នកប្តឹងគ្មានឯកសារពាក់ព័ន្ធឡើយ ពោលគឺប្តឹងដោយដៃទទេ ចំណែកភាគីចុងបណ្តឹងគឺមានឯកសារពីគល់ដល់ចុង ចឹងហើយទើបលោកបញ្ជូនបណ្តឹងនេះជូនទៅសាលាខេត្តកំពត ដើម្បីសម្របសម្រួលបន្ត។ លោកថា ករណីបែបនេះ ត្រឹមអាជ្ញាធរថ្នាក់ក្រោមដូចលោកពិតជាពិបាកដោះស្រាយ ព្រោះរឿងរ៉ាវមួយនេះវាមានមតិផ្ទុយនិងមតិស្រប ចឹងសូមឲ្យលោកអភិបាលខេត្ត ជាអ្នកវិនិច្ឆ័យទៅចុះ។
ជាមួយនេះដែរ លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៧នេះថា រៀងរ៉ាវខាងលើ លោកបានជ្រាបហើយ ប៉ុន្តែវាពិតជាវែងឆ្ងាយណាស់ អីចឹងលោកសូមបង្វែរឿងខាងលើទុកឲ្យខាងសាលាដំបូងខេត្ត្កំពតអនុវត្តតាមនីតិវិធីទៅចុះ។
ទោះជាយ៉ាងណា មជ្ឈដ្ឋានជាច្រើនបានលើកឡើងព្រមគ្នាថា ម្ចាស់តូបដែលគេប្តឹងនោះគាត់បាន កាន់កាប់រយៈពេល៣០ឆ្នាំមកហើយ ស្រាប់តែអ្នកជួលតូបលក់ដូរបែរជាហ៊ានប្តឹងយកឆៅៗបែបនេះ ពិតជារឿងមួយដ៏កម្រហើយក៏ជាការរំលោភច្បាប់មួយផងដែរ។
ទន្ទឹមនឹងករណីដូចខាងលើគួរតែអាជ្ញាធរខេត្ត ដែលចាត់ទុកជាឪពុកម្តាយរបស់ពលរដ្ឋគួរ រិះរកវិធីសម្របសម្រួល និងរកចំណាត់ការណាមួយសមស្រប ដើម្បីឲ្យភាគីទាំងសងខាងទទួលយកដោយការឯកភាពគ្នាទាំងស្រុង ជៀសវាងបង្កជាករណីទំនាស់ហឹង្សាកើតឡើងជាហថាហេតុ។/
ណារិទ្ធ





