កំពត ៖ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណ១៥០០០នាក់ បានមកជួបជុំគ្នានៅរង្វង់មូលផ្លែទុរេន ក្នុងក្រុងកំពត ដើម្បីដង្ហែក្បួនឃោសនារកសម្លេងគាំទ្រក្នុងវេលាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤។អំឡុងបិទយុទ្ធនាការ ឃោសនាព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៧នេះ គេឃើញវត្តមានលោក នៃ ប៉េណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត អមដំណើរដោយ លោកចាន់ ចេស្តា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងក្រុមការងារគណបក្សប្រជាជន និងក្រុមយុវជនគណបក្ស ក៏ដូចជាសមាជិកបក្សយ៉ាងច្រើនកុះករ។
យុទ្ធនាការនេះ ត្រូវបានដង្ហែក្បួនចេញពីរង្វង់មូលរូបសំណាក ទុរេន កំពត ឆ្ពោះទៅតំបន់មួយចំនួននៃកំណាត់ផ្លូវជាតិលេខ៣៣និង៣១ ដោយឆ្លងកាត់ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ទើបបត់បែនតាមផ្លូវជាតិលេខ៣ ឆ្លងកាត់ស្រុកឈូក រួចធ្វើដំណើរឆ្ពោះទៅខេត្តកំពតវិញ។
ការដង្ហែក្បួនឃោសនារកសម្លេងគាំទ្រដែលមានអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បើផ្អែកតាមការលើកឡើងពីសំណាក់ ប្រធានគណៈកម្មាធិការគណបក្សខេត្ត លោកចាន់ ចេស្តា បញ្ជាក់អះអាងថា គម្រោងដង្ងែក្បួនក្នុងពេលបិទយុទ្ធនាការនេះ គឺមានគម្រោងសមាជិកចូលរួមត្រឹម តែ១២០០០នាក់ប៉ុណ្ណោះ លុះដល់ចេញយុទ្ធនាការបែរជាមានប្រជាពលរដ្ឋចូលរួមគាំទ្រដ៏ច្រើនលើសលប់លើសពីការព្រៀងទុក គឺឡើងរហូតដល់១៥០០០នាក់តែម្តង ៕
ណារិទ្ធ







