ភ្នំពេញ ៖ នៅថ្ងៃចុងបញ្ចប់នៃក្បួនដង្ហែឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិកយ៉ាងច្រើនកុះករ ហែរក្បួនឃោសនា ដើម្បីទទួលជោគជ័យនាពេលខាងមុខ ។
សម្តេចតេជោ ហ៊ុន សែន ដឹកនាំអ្នកគាំទ្រជួបជុំគ្នាពេលព្រឹកនៅផ្លូវ ៦០ ម៉ែត្រ បឹងទំពុន បន្ទាប់ពីថ្លែងសារនយោបាយហើយ ក៏បានហែរទៅកាន់តំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីជូបអ្នកគាំទ្រ ក៏ដូចជាផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់សម្រាប់ការបោះឆ្នោតចុងសប្តាហ៍នេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រៀបចំហែក្បួនមហាជន បិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដោយរៀបចំការ ជួបជុំសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សមកពីខណ្ឌទាំង១២ ចំនួន ១៥០.០០០នាក់ និងមធ្យោបាយរថយន្តចំនួន ១៥០០ គ្រឿង និងម៉ូតូចំនួន ២៥០០០គ្រឿង។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានរយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ៕




