ខេត្តរតនគីរី ៖ មានសេចក្តីរាយការណ៍មួយច្បាស់ការណ៍បានឱ្យដឹងថា ក្នុងខែឧសភាជិតមួយសប្តាហ៍ទៅហើយ គឺជាយុទ្ធនាការ ឃោសនារកសម្លេងឆ្នោតផងនោះ គេសង្កេតឃើញសមត្ថកិច្ចបានបើកភ្លើងខៀវឱ្យផល-អនុផលព្រៃឈើខុសច្បាប់តាមផ្លូវ ជាតិលេខ ៧៨ ចេញពីក្រុងបានលុង ឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ តាមរថយន្តសាំយ៉ុង បាឡែន ហាយប្រ៊ីត ឡង់គ្រីស័រ ធុនត្រា និងរថយន្តប្រភេទទំនើបៗទៀត ហើយរថយន្តទាំងអស់នោះបិទសុទ្ធតែកញ្ចក់ខ្មៅ ឬរ៉ៃប័ណ្ណ ហើយក្នុង១ថ្ងៃៗមានរថយន្តដឹកឈើប្រណីតខុសច្បាប់ឆ្លងដែនចាប់ពី ៣០០ ទៅ ៣៥០គ្រឿង ព្រោះរថយន្តមួយគ្រឿង ពួកឈ្មួញអាចរត់ ២ ទៅ ៣ជើងតាមជិតឬឆ្ងាយ ។
ប្រភពព័ត៌មានបានបន្តទៀតថា ពួកឈ្មួញដឹកអនុផលព្រៃឈើខុសច្បាប់ចេញពីខេត្តរតនគីរី ទៅតាមផ្លូវជាតិលេខ ៧៨ ក្នុងមួយរយន្តចាប់ពី ១តោន ទៅ ៧តោន ហើយមានប្រភេទឈើប្រណីតដូចជា គ្រញូង នាងនួន ធ្នង់ កកោះជាដើម… ឆ្លង កាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ត្រូវគេសង្ស័យថា មានខ្សែដូចជាតុលាការ ប៉ូលិស កងទ័ព កងរាជអាវុធហត្ថ រដ្ឋអំណាចថ្នាក់ខ្ពស់ៗ ជាពីសេសអ្នកដែលមានតួនាទីបង្ក្រាបតាមដងផ្លូវ គឺជាអ្នកជូញដូរផ្ទាល់តែម្តង និងក្រុមឈ្មួញជាច្រើនទៀត ។
សមតកិច្ចគ្រប់លំដាប់ថ្នាក់មិនធ្វើការបង្ក្រាបទៅលើឈ្មួញរត់ពន្ធឈើប្រណីតខុសច្បាប់ទៅកាន់ប្រទេសវៀតណាម តាមផ្លូវជាតិលេខ ៧៨ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាការផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
សមត្ថកិច្ចទាំងអស់នោះ ត្រូវបានឈ្មួញជូញដូរឈើខុសច្បាប់បង់ក្បាលរថយន្តចាប់ពី ១៥០០ដុល្លារ ទៅ ៣០០០ ដុល្លារ ក្នុងមួយរថយន្ត ក្នុង១ខែ ។ ក្នុងរបរជំនួញផលអនុផលព្រៃឈើខុសច្បាប់តាមច្រកទ្វារអូរយ៉ាដាវ ក្រោមការដឹកនាំ របស់លោក អ៊ី ចំរើន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នេះ បានបញ្ជាឱ្យសមត្ថកិច្ចនៅតាមផ្លូវបានត្រឹមតែកត់លេខឡាន រាប់ចំនួនឡានដើម្បីទូទាត់បញ្ជីជាមួយឈ្មួញរៀងរាល់ដាច់ខែប៉ុណ្ណោះ ។ ចំណែកឯមន្ត្រីនៅប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ា ដាវតែងតែល្មើសច្បាប់ក្នុងការបើកច្រកទ្វារឱ្យរថយន្តដឹកខុសច្បាប់ឆ្លងចេញខុសម៉ោងរដ្ឋបាលដូចជា ក្រោយម៉ោង ៥ល្ងាច និងមុនម៉ោ ៧ព្រឹក ។
ដូចនេះមជ្ឈដ្ឋានទូទៅបានសំណូមពរឱ្យមន្ត្រីថ្នាក់លើជួយទប់ស្កាត់ផង ព្រោះឈើចេញពីខេត្តរតនគីរីទៅកាន់ប្រទេស វៀតណាមដូចហែកឋិនអញ្ចឹង ។ សារព័ត៌មានបានទំនាក់ទំនងសុំការបំភ្លឺពី លោកប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវដែរ ប៉ុន្តែ មិនស្គាល់លេខទូរស័ព្ទ ដើម្បីសុំធ្វើការទំនាក់ទំនងក្នុងរឿងខាងលើនេះ ៕





