ប្រភពព័ត៌មានបានខ្សឹបប្រាប់បានថា ការអសមត្ថភាពក្នុងសកម្មភាពបង្ក្រាបការដឹកជញ្ជូនឈើឆ្លងដែនល្មើសច្បាប់ចេញទៅ ប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ ដោយអាជ្ញាធរខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័ន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសសមត្ថកិច្ចប្រចាំច្រកនេះតែម្តង ផ្គើននឹងបទបញ្ជាលេខ ០១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គេបានលួចបង្ហើបឱ្យដឹងទៀតថា ប្រភពឈើសម្រាប់ដឹកឆ្លងទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវនេះ គឺប្រមូលទិញពីទឹកដីខេត្តស្ទឹងត្រែង ស្រុកសៀមប៉ាង ក្នុងតំបន់ឧទ្យានជាតិវិរជ័យ ខេត្តរតនគីរី ស្រុកវ៉ើនសៃ ក្នុងតំបន់ឧទ្យាន វិរជ័យ និងយកមកពីស្រុកកោះញែក ខេត្តមណ្ឌលគីរី ។
ក្រុមឈ្មួញបានប្រើរូបភាពយករថយន្តសាំយ៉ុង និងរថយន្តធំៗចាប់ពី ៥តោនឡើងធ្វើជាមធ្យោបាយដឹកជញ្ជូន ។ រាល់ការដឹកជញ្ជូននេះ មិនមែនឈ្មួញបង់ខ្វះទៅលើសមត្ថកិច្ចស្ថាប័នណាមួយ ឡើយ ។ ដូច្នេះមុននឹងដឹកជញ្ជូនគេបានរត់ការសម្រាប់ជាសេវាតម្លៃជើង សេវាប្រចាំខែសេវាក្បាលឡានយ៉ាងស៊ីចង្វាក់គ្នា រវាងឈ្មួញឈើល្មើសច្បាប់នឹងសមត្ថកិច្ចពាក់ព័ន្ធរួចរាល់អស់ហើយ ។ ឬក៏អស់លោកទាំងនោះកំពុងទទួលបានផលប្រយោជន៍ ពីការដឹកជញ្ជូនឈើល្មើសច្បាប់រហូតដល់ពលរដ្ឋសាមញ្ញៗនិយាយចំអកមិនសំចៃមាត់ថា “គ្មានសមត្ថកិច្ចណាមកពីក្រហែង មេឃណា ឬព្រះឥន្ទណាដែលអាចលុបបំបាត់បទល្មើសដឹកជញ្ជូនឈើទាំងនេះបានទេ បើម្នាក់ៗ ឬស្ថាប័ននីមួយៗ ស្រក់ទឹកមាត់ ក្នុងការទាញយកប្រយោជន៍”ពីបទល្មើសឈើទាំងអស់គ្នាហ្នឹង…! (Sic)។ ពួកគាត់បន្តទៀតថា បង្ក្រាបយ៉ាង ម្តេចកើតបើឈ្មួញឈើមុខដដែលៗ និងខ្លះទៀតជាសមត្ថកិច្ច ហើយអ្នកបង្ក្រាបក៏មុខដដែលៗធ្លាប់ស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ចែករំលែកផលប្រយោជន៍ពីបទល្មើសនេះក្លាយទៅជាវប្បធម៌ពុករលួយទៅហើយនោះ ?
ប្រភពពីសមត្ថកិច្ចបានទម្លាយថា កន្លងទៅសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងអាជ្ញាធរផងដែរ តែងយករួចខ្លួនទម្លាក់ កំហុសទៅលើសមត្ថកិច្ចដែលមានភារកិច្ច តួនាទីក្នុងអនុក្រឹត្យប្រចាំច្រកអូរយ៉ាដាវ បានពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យឈ្មួញដឹក ជញ្ជូនឈើល្មើសច្បាប់ឆ្លងដែន ។ ប៉ុន្តែកករណីនេះ ខាងសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំច្រកបានលើកហេតុផលវិញថា “បើគ្មាន អាជ្ញាធរ សមត្ថកិច្ចជំនាញទាំងនោះទេ ជាអ្នកបើកភ្លើងខៀវតាមរយៈយកលុយពីឈ្មួញឈើក៏ឈើទាំងនោះអាចហោះចេញពី ព្រៃមកដល់ច្រកនេះខ្លួនឯង ។
ដូច្នេះបើអាជ្ញាធរសមត្ថកិច្ចជំនាញទាំងនេះធូររលុងឱ្យមានឈើចរាចរដើម្បីប្រភពសេដ្ឋកិច្ច ឆ្នាំងបាយខាងសមត្ថកិច្ចច្រកក៏មិនរុញរាឱ្យឈើទាំងនោះឆ្លងកាត់ទៅប្រទេសវៀតណាមផងដែរ ។ ហេតុនេះហើយ ទើបលទ្ធផលបង្ក្រាបការបិទច្រកមិនអាចធ្វើទៅរួច ខណៈឥទ្ធិពលលុយកាក់ធំជាងឧត្តមគតិ ភ្លេចគោរពតួនាទី និងភារកិច្ច ៕




