កំពត ៖ នៅពេលថ្មីៗនេះ មានលេចឮករណីដែលមិនធ្លាប់មានពីមុនមកគឺដោយសារតែភាគីបង្កមិនព្រមចេញសំណងដល់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកាលពីកន្លងមក។
ដើមចមក្នុងរឿងនេះ បានកើតឡើងតាំងពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ស្ថិតចំណុចខាងលិចក្លោងទ្វារវត្តអង្ក្រង ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត រវាងម៉ូតូម៉ាកCLICKនិងម៉ូតូC125ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។
តាមសាក្សីជាច្រើននៅកន្លែងកើតហេតុបានបញ្ជាក់ដូចគ្នាថា មុនពេលជួបហេតុការណ៍ធ្ងន់ធ្ងរនេះ គេឃើញជនរងគ្រោះ ដែលជីះម៉ូតូC125ពណ៌ខ្មៅសេរីឆ្នាំ២០១៣ផ្ទុកមនុស្ស៣នាក់ក្នុងសម្លៀកបំពាក់សិស្សសាលា ធ្វើដំណើរមកពីលិចលុះមកដល់ចំណុចកើតហេតុក៏បានបន្ថយល្បឿនយឺតៗ ស្រាប់តែមានម៉ូតូម៉ាកClickបើកបរដោយយុវជនម្នាក់បើកក្នុងល្បឿនដូចព្យុះសង្ឃរា ក៏ជ្រុលទៅបុកកន្ទុយម៉ូតូខាងមុខពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូC125រងរបួសធ្ងន់ធ្ងរ២នាក់ស្រាលម្នាក់ ដោយខណៈនោះភាគីបង្កដែលគេស្គាល់ ឈ្មោះ ទួន ប្រុស ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិភ្នំសាលី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លើកម៉ូតូជិះគេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ដើម្បីឲ្យទទួលខុសត្រូវចំពោះករណីបង្កហេតុឲ្យគេរងរបួសធ្ងន់ ស្រាល។សាក្សីបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ទី១.ឈ្មោះ កែវ ភន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្សរបួសស្រាល ទី២.ឈ្មោះ កែវ ឈាន ភេទប្រុស អាយុ១៤ឆ្នាំ របួសធ្ងន់ផ្នែកក្បាល និងទី៣.ឈ្មោះ កែវ ប៊ុនឈឿន ភេទប្រុស អាយុ១២ឆ្នាំ រងរបួសធ្ងន់បែកក្បាលនិងបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយជនរងគ្រោះរស់នៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ទាក់ទិនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រោយពីបានបង្កហេតុ ភាគីម៉ូតូKlickបានសុំសម្រួលជាសំណងដល់ភាគីរងគ្រោះក្នុងទឹកប្រាក់ចំនួន២លានរៀល ស្មើនឹង$500 តែក្រុមគ្រួសារមិនព្រម ទើបសំណុំរឿងនេះចេះតែផ្អាប់ទុករហូតមកដល់បច្ច្ប្បន្ន។ទីបំផុត ភាគីបង្កមិនដឹងមានខ្នងបង្អែកបែបណាទេ ទើបបង្វែសំណុំរឿងជនរងគ្រោះទៅជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ថែមទាំងមានលេចឮថា ចង់ប្តឹងឲ្យភាគីរងគ្រោះដែលមានអ្នកស្លាប់និងរបួសធ្ងន់ ស្រាលឲ្យសងទៅភាគីបង្កហេតុ ដែលកំពុងដើរហើរយ៉ាងរីករាយទៅវិញ ធ្វើយ៉ាងនេះតើមានច្បាប់ដែរទេក្នុងលោកនេះ។
ជាមួយនេះដែរភាគីជនរងគ្រោះ សំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសស្ថាប័នអ្នកច្បាប់ មេត្តាជួយពិនិត្យ វិនិច្ឆ័យ លើករណីខាងលើនេះឡើងវិញផង ព្រោះភាគីបង្កហេតុ ឈ្មោះ ទួន ប្រុស នោះពុំទាន់បានផ្តល់សំណងអ្វីដល់ជនរងគ្រោះ បានមួយកាក់ មួយសេននៅឡើយទេ មិនតែប៉ុណ្ណោះករណីនេះអាចមានការឃុបឃិតបង្វែសំណុំរឿង ពីសទៅខ្មៅ ក្នុងគោលបំណងគេចវេះពីសំណាញ់ច្បាប់ផងដែរ។ម្យ៉ាងទៀតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះភាគីបង្កពុំមានរងរបួសធ្ងន់ធ្ងរទេ ចំណែកភាគីរងគ្រោះមានខ្លះស្លាប់ និងរបួសធ្ងន់ ស្រាល ថែមទាំងបានចំណាយការព្យាបាលអស់ថវិការាប់ម៉ឺនដុល្លា តែពេលនេះអ្នកបង្កបែរជាដេកសុខស្រួលគ្មានទោសកំហុស ឯភាគីរងគ្រោះបែជាជួបបញ្ហាប្រឈមនឹងច្បាប់ទៅវិញ ទង្វើនេះតើមានយុត្តិធម៌ចំពោះអ្នកស្លាប់ដែរទេ?។
គួររំលឹកថា កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៣៣ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តអង្គ្រង ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បង្កឡើងដោយសារម៉ូតូម៉ាកClickបើកបំបុកពីក្រោយម៉ូតូម៉ាកC125បណ្តាលឲ្យមានសិស្សសាលាចំនួន៣នាក់របួសធ្ងន់ ស្រាល។ជនរងគ្រោះក្នុងចំណោមបីនាក់មានម្នាក់ស្លាប់ ក្រោយពីបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប្រទេសវៀតណាម ៕
ណារិទ្ធ





