កែប ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកែបរួមនិងក្រុមការងារគណបក្សគ្រប់មូលដ្ឋាន នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧នេះ បានធ្វើកិច្ចសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលមកពីគ្រប់តំបន់ មានចំនួនប្រមាណជាង៥០០នាក់ ដោយពិធីនេះបានរៀបចំឡើងក្នុងសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកែប។
ក្នុងកិច្ចសំណេះសំណាល លោកកែន សត្ថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកែប ក៏បានជម្រុញនិងលើកកម្ពស់វិស័យធនធានមនុស្ស ដែលមានអទិភាពបំផុតសម្រាប់ការស្តានិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។លោកបានលើកឡើងយ៉ាងដូច្នេះថា រាល់សកម្មភាពដឹកនាំរបស់គណបក្សប្រជាជនគឺផ្នែកលើគោលការណ៍សំខាន់ៗជាច្រើនទាក់ទិននឹងធនធានមនុស្សដ៏ចាំបាច់បំផុត បើនិយាយពីកក្តាសំខាន់នោះ គឺគ្រូបង្រៀន(បុគ្គលិកសិក្សា)មានមុខងារជាអ្នកចែករំលែកនូវចំណេះដឹងគ្រប់បែបយ៉ាងដល់សិស្ស និស្សិត ចាប់ពីថ្នាក់ក្រោមរហូតដល់កំរិតខ្ពស់ ។ ជាមួយនេះ អី្វដែលយើងមានរហូតមកដល់បច្ចុប្បន្ន គឺបានមកពីការដឹកនាំរបស់គណបក្សប្រជាជន ដែលជានិច្ចកាលតែងតែមានគោលការណ៍ច្បាស់លាស់ សន្យាអ្វីហើយគឺធ្វើឲ្យបាន ដាច់ខាតមិនសន្យាខ្យល់ដូចក្រុមអ្នកនយោបាយមួយចំនួននោះឡើយ ។ ជាងនេះទៅទៀតគោលនយោបាយរបស់គណបក្សប្រជាជនជាច្រើនចំណុច សុទ្ធតែបានអនុវត្តប្រកបដោយជោគជ័យនិងមានប្រសិទ្ធភាព ដែលធ្វើឲ្យមានការទទួលស្គាល់និងការគាំទ្រពីសំណាក់គ្រប់មជ្ឈដ្ឋានពិសេសប្រជាពលរដ្ឋមានភាពជឿរជាក់គ្មានលំអៀងផងដែរ។
លោកបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលនេះ មន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋក៏បានតម្លើងប្រាក់បៀវត្សន៍ជាបន្តបន្ទាប់ ពិសេសគ្រូបង្រៀនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុត។នេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវគុណធម៌និងគុណបំណាច់រកអ្វីប្រៀបពំបានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលសម្រេចបានសមិទ្ធផលធំៗនិងស្នាដៃជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មាធិការបក្សខេត្តក៏សូមអរគុណ ដល់ក្រុមការងាររបស់គណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ ពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានគាំទ្រយ៉ាងពេញទំហឹងមកលើគណបក្សប្រជាជនកម្ពុជា និងបានចូលរួមគ្រប់សកម្មភាពកន្លងមក។
ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការបក្ស ក៏បានភ្ជាប់មកនូវថវិការមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ សម្រាប់ជាមធ្យោបាយផងដែរ ៕
ណារិទ្ធ






