កែប ៖ ក្នុងរយៈពេល៣ថ្ងៃនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរកានព្វស័ក ព.ស២៥៦១នេះភ្ញៀវទេសចរណ៍បានសំរុកមកលំហែ កម្សាន្តនៅរមណីយដ្ឋានមាត់ឆ្នេរកែបដូចទឹកបាក់ទំនប់។នេះបើយោងតាមរបាយការណ៍របស់មន្ត្រីនៃមន្ទីរទេសចរណ៍បង្ហាញកាលពីរសៀលថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៧។
ជាទូទៅគេបានកត់សម្គាល់ឃើញថា ក្រុមអ្នកទេសចរណ៍តែងតែសំរុកមកកាន់តំបន់រមណីយដ្ឋានឆ្នេរកែប នាឱកាសបុណ្យជាតិធំៗ ដូចជាចូលឆ្នាំសកល ចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម ចូលឆ្នាំប្រពៃណីជាតិខ្មែរនិងរដូវបុណ្យភ្ជុំបិណ្ឌជាដើម។ក្រៅពីនោះពិធីផ្សេងៗឬថ្ងៃសៅរ៍ អាទិត្យគ្រាន់តែមានបន្ទាប់បន្សំប៉ុណ្ណោះ ។ ចំពោះពិធីចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ព.ស២៥៦១ គ.ស២០១៧នេះថ្វីត្បិតអាកាសធាតុក្តៅហែងបែបណា នៅតែមានការកើនឡើងដ៏លើសលប់ពីសំណាក់ក្រុមអ្នកទេសចរណ៍ទាំងក្នុងនិងក្រៅស្រុកពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ ដោយកំណើននេះវាមានសន្ទុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបកាលពីឆ្នាំមុនគឺមានកំណើនប្រហែល២៥ភាគរយឯណោះ ហើយក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៧ដែលជាថ្ងៃបញ្ចប់ពិធីចូលឆ្នាំគឺមានរថយន្តតូច ធំ ចូលមកទស្សនា លម្ហែ កម្សាន្តប្រមាណជាង១៣០០០គ្រឿងនិងមានភ្ញៀវជាតិនិងអន្តរជាតិចូលមកលម្ហែ កម្សាន្តប្រមាណជាង១១ម៉ឺននាក់ផងដែរ។
ដោយផ្អែកលើសក្តានុពលលើវិស័យទេសចរណ៍ គេបានផ្តោតអារម្មណ៍ថា ការកំណើនមនុស្សដ៏លើសលប់ខាងលើនេះអាចមកពីបច្ចុប្បន្នតំបន់រមណីយដ្ឋានឆ្នេរកែបមានសន្តិសុខនិងធានាសុវត្ថិភាពបានល្អប្រសើរជូនក្រុមអ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ពិសេសកក្តាដ៏ចម្បងគឺការធានាបរិស្ថាន ការធ្វើអនាម័យបានទាន់ពេលវេលាដែលអាចផ្តល់នូវសេវាទេសចរណ៍បានទូលំទូលាយទៀតផង។
ជាងនេះការរៀបចំរបៀបរៀបរយលើសេវាសាធារណៈ ពិសេសផ្នែកសុវត្ថិភាពចំណីអាហារនឹងត្រូវចាត់ទុកជាប្រធានបទមួយក្តៅគគុកនិងចាំបាច់បំផុត ដើម្បីជៀសវាងការប្រើប្រាស់សារធាតុគីមីឬការកេងបន្លំណាមួយពីសំណាក់ក្រុមអាជីវករ ។
ម្យ៉ាងទៀត ក្នុងឆ្នាំ២០១៧នេះ ដោយសារការខិតខំជម្រុញឥតឈប់ឈរពីសំណាក់ថ្នាក់ដឹកនាំខេត្តកែប ក្នុងការចង្អុលបង្ហាញដើម្បីរៀបចំនិងអនុវត្តរាល់ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសការបង្ហាញទិសដៅដល់មន្ត្រីស្ថាប័នពាក់ព័ន្ធសំរាប់កែលំអជាជំហានៗផងដែរ ទើបពេលនេះធ្វើឲ្យតំបន់រមណីយដ្ឋានឆ្នេរកែបកាន់តែមានសោភណភាពពីមួយថ្ងៃទៅមួយថ្ងៃនិងមានការស្ងើចសរសើរពីសំណាក់មហាជន។
ទោះបីបែបណាក៏មានការលើកឡើងពីមជ្ឈដ្ឋានមួយផ្នែកតូច ដែលគេត្អូញត្អែរពីករណីប្រឈមមួយចំនួន ដូចជាក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះទាក់ទិននឹងសណ្តាប់ធ្នាប់សាធារណៈតែម្តង គឺការមានដាក់តង់ឬក្រាលកន្ទេលក្រោមដើមឈើពីសំណាក់អាជីវករមួយក្តាប់តូចដើម្បីកេងប្រយោជន៍ដែលជាបញ្ហាមួយពិបាករកទីចំណតយានយន្ត ព្រោះរយៈពេល៣ថ្ងៃនេះតំបន់ទេសចរណ៍ដ៏តូចច្រឡឹងមួយនេះមានក្រុមភ្ញៀវមកទស្សនាកម្សាន្តរាប់មឺុននាក់និងមានរថយន្តតូច ធំ មកពីបណ្តាខេត្តផ្សេងៗទាំងទីជិតនិងទីឆ្ងាយមានចំនួនច្រើនលើសលប់ផងដែរ ៕
រិទ្ធ





