កំពត ៖ ទីបំផុតចំណុចមុខរោងចក្រនៃក្រុមហ៊ុន ពូចិន(POU CHEN)ដែលមានទីតាំងក្នុងភូមិកណ្តាលទួល(ទ្រូងអណ្តើក)នៃឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នោះត្រូវបានម្ចាស់ក្រុមហ៊ុនធ្វើស្រះសំរាប់ដាំឈូកនិងប្រលិតលម្អបានរួចរាល់ជាស្ថាពរហើយ។ចំពោះការធ្វើសំណង់ស្ថិតលើដីចំណីផ្លូវសាធារណៈថ្វីត្បិតតែអាចបង្កើនសោភណភាព ប៉ុន្តែក៏អាចបង្កើនហានិភ័យកាន់តែខ្ពស់ដល់មហាជនផងដែរ។
ក្នុងពេលថ្មីៗនេះមតិមហាជនពិសេសអ្នកដំណើរបានរិះគន់ថា ចំណុចមុខរោងចក្រក្រុមហ៊ុន ពូចិនដែលជាចំណីផ្លូវសុទ្ធសាធ មានប្រវែងបណ្តោយប្រមាណជិត៣០០ម៉ែត្រនិងទទឹងប្រហែល២០ម៉ែត្រនោះ បើទោះជាម្ចាស់ដីធ្វើជាអាងស្រះទឹកដាំឈូកឬប្រលិតលម្អមានសភាពស្រស់យ៉ាងណាក្តី ក៏ជាបញ្ហាបារម្មណ៍ដ៏ធ្នន់ធ្ងរពីសំណាក់ក្រុមអ្នកដំណើរ ដោយពួកគេខ្លាចជួបឧបសគ្គណាមួយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងគេចទៅណារួច ព្រោះតែចំណុចខាងលើត្រូវបិទបាំងដោយរនាំងដែកមានបណ្តោយរាប់រយម៉ែត្រ។ម្យ៉ាងទៀតទីតាំងនេះឥឡូវក៏សំបូរមនុស្សរស់នៅកកកុញផងដែរដែលអាចបង្កជាបញ្ហាស្មុគស្មាញគ្រប់ជំហានក្នុងខណៈជួបគ្រោះថ្នាក់ជាហថាហេតុ។មជ្ឈដ្ឋានដដែលបានលើកឡើងទៀតថា ចំណុចដែលម្ចាស់ក្រុមហ៊ុនសាងសង់ធ្វើជាស្រះនោះ បើគិតក្នុងចំងាយអ័ក្សផ្លូវគឺមានប្រវែង២៥ម៉ែត្រ តែត្រូវគេកេងយកដីចំណីផ្លូវប្រមាណ២០ម៉ែត្រ(ទទឹង)ដោយទុកតែចិញ្ចើមតែ៥ម៉ែត្រប៉ុណ្ណោះ ។ គេបានរិះគន់ទៀតថា ការធ្វើសំណង់មានទ្រង់ទ្រាយបែបនេះទៅហើយ ហាក់ពុំមានឃើញខាងជំនាញណាមួយចាប់អារម្មណ៍បន្តិចឡើយ ដោយបណ្តែតបណ្តោយអោយការស្ថាបនាបានរួចរាល់ជាស្ថាពរ។
ទាក់ទងនឹងសំណង់កេងលើដីចំណីផ្លូវសាធារណៈនេះដែរគេមិនដឹងថា អាជ្ញាធរក៏ដូចជាផ្នែកជំនាញគ្រប់ស្រទាប់បានជ្រាបឬយ៉ាងណានោះទេ តែបើលោកដឹងហើយសូមជួយពិនិត្យមើលផងតើការស្ថាបនាដូចក្នុងរូបភាពនេះវាស្របទៅតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ដែរឬទេ។
ស្របពេលដំណាលគ្នានេះ លោកអ៊ុម សុីណាត អភិបាលស្រុកកំពង់ត្រាច បានអោយដឹងតាមទូរសព្ទនារសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០១៧នេះថា ការធ្វើអាងនៅមុខរោងចក្រនេះ ក្រុមហ៊ុនពូចិនបានសុំគោលការណ៍ពីអាជ្ញាធរក្នុងតំបន់ព្រមទាំងផ្នែកជំនាញរួចរាល់ហើយ ដោយសាងសង់តែមួយផ្នែកនៃដីចំណាយផ្លូវនិងទុកមួយភាគសម្រាប់ចិញ្ចើមផ្លូវ ធ្វើបែបនេះពុំមានផលប៉ះពាល់អី្វដល់ការធ្វើដំណើររបស់មហាជនឡើយ។
ដោយឡែក នៅរសៀលថ្ងៃដដែលអ្នកយកព័ត៌មានមិនអាចសុំការពន្យល់ណាមួយពីលោក ជីញ គួង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពតបានទេ ដោយសាលោកកំពុងជាប់រវល់ប្រជុំ។
សូមបញ្ជាក់ផងដែរថា ចំណុចមុខរោងចក្រក្រុមហ៊ុន ពូចិនដែលមានទីតាំងនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីមានការធ្វើជាអាងស្រះទឹកមកនោះ ក៏មានការរិះគន់ពីសំណាក់មហាជនភាគច្រើនជាអ្នកដំណើរ ដោយពួកគេតែងលើកហេតុផលផ្សេងៗទាក់ទិននឹងហានិភ័យដែលវានឹងអាចកើតឡើងឥតគ្រោងទុក ផ្តើមឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះដីណីផ្លូវសាធារណៈដែលគិតពីអក្ស័ផ្លូវមានប្រវែង២៥ម៉ែត្រនោះ ឥឡូវនៅសល់តែ៥ម៉ែត្រប៉ុណ្ណោះ ៕
ណារិទ្ធ






