កំពត ៖ ពិធីសម្ពោធ កាត់ឫសសីមា ព្រះវិហារវត្តសូរិយាវង្ស ជ្រុងស្រឡៅ ក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៧ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនោះដែរក៏មានការចូលរួមដ៏សកម្មពីសំណាក់ ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពតនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តផងដែរ។
លោក មួង នឿន អភិបាលស្រុកបន្ទាយមាស បានអោយដឹងថា វត្តសូរិយាវង្សហៅវត្តជ្រុងស្រឡៅ ត្រូវបានកសាងឡើងលើផ្ទៃដីប្រមាណ៣ហិកតាក្នុងឆ្នាំ១៩៧៣។លុះមកដល់ជំនាន់ប៉ុលពត ត្រូវរងការបំផ្លិចបំផ្លាញគ្មានសេសសល់ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ទើបចាប់ផ្តើមកសាងសមិទ្ធផលឡើងវិញ។ដោយឡែកព្រះវិហារដែលត្រូវកាត់ឫសសីមា សម្ពោធនាថ្ងៃនេះត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ២០០៥និងសម្រេចរួចរាល់ជាស្ថាពរនៅក្នុងខែមិនា ឆ្នាំ២០១៧ ដោយឆ្លងកាត់ព្រះចៅអធិការវត្តដឹកនាំកសាងរហូតដល់៤ជំនាន់មកហើយនិងចំណាយថវិកាសរុបប្រមាណ២១១;៧០០ដុល្លាអាមេរិកឯណោះ។
ក្នុងពិធីនោះដែរ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្នុងបរិបទនៃប្រទេសជាតិមានសុខសន្តិភាពនិងអភិវឌ្ឍន៍និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្រេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តកំពតដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ពីធម្មជាតិផងនោះ ក៏បានធ្វើអោយអាណាចក្រខេត្តទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ ។ ជាក់ស្តែងក្នុងខេត្តកំពតទាំងមូល មានវត្តចំនួន២៦៣វត្តនិងមានព្រះសង្ឃចំនួន២២៩៦អង្គផងដែរ។
ថ្លែងសំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងដោយស្ញើចសរសើរចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ ដែលបានខិតខំសហការកន្លងមក ហើយខិតខំថែរក្សានិងការពាររាល់សមិទ្ធផលទាំងអស់ពិសេសគឺវត្តអារាមដែលជាទីកន្លែងគោរពសក្ការៈបូជាសំរាប់ពុទ្ធបរិស័ទទូទៅ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយភាពរីកចម្រើនរបស់ប្រទេសក្នុងបច្ចុប្បន្ននេះគឺមិនមែនកើតឡើងដោយចៃដន្យទេ គឺបានមកដោយសារការខិតខំរបស់យើងទាំអស់គ្នា។
ក្រោយពីកិច្ចសំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិយយសនិងមេដាយប្រគេននិងជូនដល់ព្រះសង្ឃព្រមទាំងមន្ត្រីរាជការមានស្នាដៃល្អនិងប្រគេនថវិកាក្នុងការកសាងសមិទ្ធផលក្នុងវត្តចំនួន២២លានរៀលនិងជូនសម្ភារៈសិក្សានិងថវិកាមួយចំនួនដល់អាជ្ញាធរ ប្រជាពលរដ្ឋ យាយជី តាជីរួមនិងកងកំលាំងប្រដាប់អាវុធផងដែរ ៕
ណារិទ្ធ






