កំពត ៖ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ បានប្រជុំបូកសរុបការងាត្រីមាសទី១ និងទិសដៅអនុវត្តឆ្នាំ២០១៧ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេត្រី សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយថ្នាក់ដឹកនាំសំខាន់ៗ និងមន្ត្រីជាន់ខ្ពស់មកពី មន្ទីរស្ថាប័នពាក់ព័ន្ធនានា លោកឧត្តមសេនីយ៍ទោស្នងការខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតនិងមន្ត្រីនគរបាលគ្រប់បណ្តាក្រុង-ស្រុក។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអោយដឹងថា រយៈកាលកន្លងមកនេះ កំលាំងបានខិតខំយកចិត្តទុកដាក់ស្រាវជ្រាវមុខសញ្ញា ក្រុមភេរវករ និងបណ្តាញអង្គការភេរវកម្ម ដែលមានការចាត់តាំង ពិសេសអនុវត្តតាមសេចក្តីណែនាំលេខ ០០៦ សណន ចុះថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៧របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការទប់ស្កាត់សកម្មភាពភេរវកម្ម ។ ជម្រុញការគ្រប់គ្រងនិងក្តាប់អំពីផែនការរបស់ជនខិលខូច ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តស្រាវជ្រាវមុខសញ្ញា និងសកម្មភាពផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់ផ្នែកសន្តិសុខសង្គម ដោយប្រើប្រាស់កំលាំងមូលដ្ឋានសំងាត់ ។ ជម្រុញការគោរពវិន័យរបស់កងកំលាំងនិងបន្តការអប់រំបណ្តុះបណ្តាល ពង្រឹងពង្រីកសមត្ថភាពជំនាញរបស់កងកំលាំងសន្តិសុខ ដើម្បីបង្កើនសកម្មភាពការងារ ។ បង្កើនការសាមគ្គីភាពឯកភាពផ្ទៃក្នុងពង្រីកការសហការទំនាក់ទំនងល្អ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធនានា ពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ មានវិធានការលម្អិត ដោយសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីប្រមូលទិន្នន័យគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ មិនមែនអន្តោប្រវេសន៍ និងជនបរទេសដែលស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ទូទាំងខេត្ត សំដៅធ្វើអោយការគ្រប់គ្រងវត្តមានជនបរទេសអោយបានសុក្រឹត្យ និងមានប្រសិទ្ធភាព ។ បង្កើនការគ្រប់គ្រងមុខសញ្ញាបង្កាទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយតម្លើងបញ្ជីមុខសញ្ញាតាមប៉ុស្តិ៍ ក្រុង ស្រុក ពិសេសមុខសញ្ញាដែលដោះលែងពីពន្ធនាគារ និងកសាងកំលាំងមហាជនដើម្បីស្រាវជ្រាវមុខសញ្ញាដែលសេសសល់ ។ កសាងប្រព័ន្ធទទួលនិងឆ្លើយតបព័ត៌មាន សន្តិសុខ សណ្តាប់ធ្នាប់ ទាន់ហេតុការណ៍សម្រាប់ទំនាក់ទំនង និងបញ្ចូនរូបភាពពីមូលដ្ឋានរហូតដល់ថ្នាក់ខេត្តអោយមានប្រសិទ្ធភាព និងចូលរួមជាមួយមហាជនក្នុងចលនារក្សាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន ពង្រឹងកំលាំងការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តាគោលដៅស្ថាបននានា ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំបានល្អប្រសើរ។
ខណៈនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម បានបញ្ជាក់ដោយវាយតម្លៃថា ក្នុងត្រីមាសទី១នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាសម្រេចភារកិច្ចបានជោគជ័យ និងមានស្នាដៃល្អគួរអោយកត់សំគាល់ ។ ជាងនេះទៅទៀត អី្វដែលកត់សម្គាល់ គឺកំលាំងនគរបាលរបស់ស្នងការខេត្តកំពត មានសមត្ថភាពខ្ពស់ ក្នុងការបង្កាទប់ស្កាត់រាល់បទល្មើសទាន់ពេលវេលា ដោយពេលនេះ លោកសូមឯកភាពរាល់របាយការណ៍ទាំងស្រុង ។ ឯកឧត្តម បានលើកឡើងផងដែរថា ក្នុងត្រីមាសបន្តសង្ឃឹមថា កងកំលាំងនគរបាលជាតិ និងខិតខំបំពេញភារកិច្ចអោយកាន់តែល្អប្រសើរថែមទៀត ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក៏ឈានជិតមកដល់ហើយៗ ក្នុងនាមជាសមត្ថកិច្ចគឺមានតួនាទីចាំបាច់រក្សាសន្តិសុខនិងសុវត្ថិភាពក្នុងពេលនោះ។
ក្នុងពេលដដែលនោះ គណៈអធិបតីក៏បានបំពាក់ឋានន្តរសកិ្តនិងសម្រួលភារកិច្ចតម្លើងតួនាទីដល់មន្ត្រីនគរបាលជាន់ខ្ពស់ផងដែរ ៕
ណារិទ្ធ





