ខេត្តបន្ទាយមានជ័យ៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹកហើយជិតចូលឆ្នាំខ្មែរផងទៀតនោះ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរនិងមន្ត្រីគណៈបក្សប្រជាពលរដ្ឋជាច្រើននាក់ទៀត បាននាំយកអំណោយយ៉ាងសណ្ធឹកសណ្ធាប់របស់គណ:បក្សប្រជាជនកម្ពុជាទៅចែកបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិកគណ:បក្សប្រជាជនកម្ពុជា ដែលមានចំនួន១.៥០០នាក់មកពី២សង្កាត់ មានសង្កាត់ម្កាក់ និងសង្កាត់ព្រះពន្លាក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងសាលប្រជុំគណ:បក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣ ខែមេសាឆ្នាំ២០១៧នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណ:បក្សប្រជាជនកម្ពុ ជាចុះជួយខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាលោកសូមឲ្យសមាជិកគណ:បក្សប្រជាជនទាំងអស់ត្រូវយល់ដឹងឲ្យបានជ្រាបពីគោលនយោបាយរបស់គណៈបក្សនិងគោលជំហូរបស់ខ្លួនក្នុងការអនុវត្តន៍ការងាររបស់គណបក្សប្រជាជនកម្ពុជាដើម្បីឲ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតនៅថ្ងៃខាងមុខនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើការណែនាំដល់គណកម្មាធិការគណ:បក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសមាជិកសមាជិការបស់ខ្លួន នៅក្នុងមូលដ្ឋានឲ្យយល់កាន់តែច្បាស់អំពីគោលនយោបាយ របស់គណ:បក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញ្ញាចក្រីហេងសំរិន ។
ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ត្រូវចេះថែរក្សាខ្លួន ជាមនុស្សល្អ ពលរដ្ឋល្អ ត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀន ជាសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទ ដូចជាល្បែងស៊ីសងជាដើម ដើម្បីភូមិឃុំមានសុវត្តិភាព ហើយត្រូវប្រកាន់គោលជំហរគោលនយោបាយ របស់គណៈបក្សប្រជាជន ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅការបោះឆ្នោះឆ្នោត ឃុំ សង្កាត់នាពេលខាងមុខនេះឲ្យបានជោគជ័យផងដែរ ៕




