កែប ៖ នៅសាលប្រជុំធំនៃសាលាខេត្តកែប ព្រឹកថ្ងៃទី០៣ខែមេសា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីនីតិវិធីនិងយន្តការផ្តល់សេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់តាមរយៈយន្តការច្រកចេញ-តែមួយ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់។
តាមរយៈសិក្ខាសាលានេះ ជំហានដំបូងគឺតម្រូវណែនាំឲ្យដឹង នូវសារៈសំខាន់ និងការរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់រ បស់រាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ធានាបាននូវស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌សង្គម ។
ដោយសង្ឃឹមជឿជាក់ថា ក្នុងបទបង្ហាញរបស់មន្ត្រីជំនាញនៃតំណាងនាយកដ្ឋាននិមួយៗ នឹងបញ្ជាក់ច្បាស់អំពីនីតិវិធីនិងយុទ្ធសាស្ត្រថ្មីៗ ដែលកំពុងអនុវត្តក្នុងប្រទេសជឿនលឿន នានានៅលើពិភពលោកផងនិងយន្តការសក្តិសិទ្ធក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដនស ផងដែរ រួមមាន៖ ការបង្ខិតសេវាឲ្យកាន់តែជិតប្រជាពលរដ្ឋ ការកាត់បន្ថយរយៈពេលផ្តល់សេវាឲ្យកាន់តែខ្លី និងការគ្រប់គ្រងផ្តល់សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យាជាដើម ។
ក្នុងវគ្គបណ្តុះបណ្តាលនេះពិតជាបានពង្រឹងការងារគ្រប់គ្រង មន្ត្រី និងវិធានការអនុវត្ត សហលក្ខន្តិកៈ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាលនិងវិធានការពង្រឹងនិងអភិវឌ្ឍន៍ស្ថាប័ន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការលើកទឹកចិត្តមន្ត្រីរាជការ ឲ្យខិតខំបំពេញការងារនិងការពង្រឹងអនុវត្តច្បាប់ក៏ដូចជាបទបញ្ជា ពិសេស ជម្រុញការអនុវត្តវិធានការត្រួតពិនិត្យយន្តការនៃការផ្តល់សេវាសាធារណៈ ដើម្បីធានាឆ្លើយតបទាន់ពេលវេលា នូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល គឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព ៕
ណារិទ្ធ



