ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្តីពី ការបង្កើតក្រុមការងារចុះត្រួតពិនិត្យនិងវាយតម្លៃច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីលោកលោកស្រីមន្ត្រីរាជការមកពីស្ថាប័នពាក់ព័ន្ធ និង កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺ -ចុះសិក្សាស្រាវជ្រាវដើម្បីបិទការចេញចូលតាមច្រករបៀងនានាក្រៅពីច្រកអន្តរជាតិប៉ោយប៉ែត -ចុះពិនិត្យសិក្សាស្រាវជ្រាវទីតាំងភូមិសាស្ត្រនិងស្ថានភាពច្រករបៀងដែលស្ថិតនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការចេញ-ចូលឆ្លងកាត់ព្រំដែនតាមច្រកទ្វារផ្លូវការ -សិក្សាស្រាវជ្រាវ វាយតម្លៃសក្កដានុពលនិងកំណត់អទិភាពច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីលើកយោបជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេចក្នុងការបង្កើតជាច្រកព្រំដែនផ្លូវការស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន -រៀបចំរបាយការណ៍ អំពីលទ្ធផលសម្រេចបានវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ -បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។
សូមបញ្ជាក់ថា៖ក្រោយពីជំនួបប្រជុំពិភាក្សានេះបានបញ្ចប់ ក្រុមការងារនៃកិច្ចប្រជុំក៏បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្ដែងតាមច្រករបៀងនីមួយៗនៅបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដើម្បីពិនិត្យវាយតម្លៃនិងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំផងដែរ៕




