ខេត្តបាត់ដំបង៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ លោកប្រធាន និង លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តទាំង៥ រួមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានិសិស្សជាច្រើនចូលរួមដុត គ្រឿងញៀនទម្ងន់ជាង១៦គីឡូក្រាម តាមអំណាចសាលក្រមសាលដីកាស្ថាពររបស់សាលាដំបូងខេត្តទាំង៥-បាត់ដំបង -បន្ទាយមានជ័យ -ប៉ៃលិន -ពោធិសាត់ -កំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
លោក នួន សាន ព្រះរាជអាជ្ញា តំណាងសាលាដំបូង ខេត្តទាំង៥ឡើងធ្វើបទបង្ហាញរបាយការណ៍ស្តីពីការដុតបំផ្លាញគ្រឿងញៀនរួមមក។
ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំដែងការរីករាយយ៉ាងក្រៃលែងដោយបានចូលរួមនៅក្នុងកម្មវិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រមសាលដីកាស្ថាពររបស់សាលាដំបូងខេត្តទាំង៥។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្តបាត់ដំបង ឯកឧត្តមសូមថ្លែងអំណរគុណចំពោះក្រសួងយុត្តិធម៌ សាលាដំបូងខេត្តដែលបានកំណត់យកខេត្តបាត់ដំបងជាទីតាំងរៀបចំកម្មវិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រមសាលដីការបស់សាលាដំបូងខេត្តទាំង៥ បាត់ដំបង -កំពង់ឆ្នាំង – ពោធិសាត់ – ប៉ៃលិន និងបន្ទាយមានជ័យ ក្នុងគោលបំណងបង្ហាញពីស្នាដៃសម្រេចបានក្នុងការចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សាលាដំបូងខេត្តទាំង៥ដែលបានអនុវត្តផែនការរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តម ក៍បាន លើកឡើង អំពីស្ថានភាពនៃអ្នកញៀនគ្រឿងញៀនដែលបង្កអោយមានបញ្ហាប្រឈមជាច្រើនដល់អ្នកប្រើប្រាស់ផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិ ធ្វើអោយខូច សុខភាព ខាតបង់ថវិកា បាត់បង់សេចក្តីថ្លៃថ្នូរ បាត់បង់អនាគត ទទួលការរើសអើងពីអ្នកដទៃ និងបង្កអំពើហឹង្សានៅក្នុងគ្រួរសារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌បានមានប្រសាសន៍ថា៖នៅដើមឆ្នាំ២០១៧ថ្មីៗនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ចេញនូវផែនការ លេខ០១ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយះពេល៦ខែ ដោយត្រូវផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧ ក្រោមការដឹក នាំរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធានយុទ្ធការផងដែរ។
ឯកឧត្តមបន្តថា៖ដោយសារមានគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសគ្រឿងញៀនជាច្រើនករណីត្រូវបានបង្ក្រាបនិងបញ្ជូនទៅតុលាការដើម្បីធ្វើការជំនុំជម្រះនិងផ្តន្ទាទោសជាបន្តបន្ទាប់ គ្រឿងញៀនជាវត្ថុតាងជាច្រើនត្រូវបានតុលាការសម្រេចរឹបអូសនិងដុតបំផ្លាញចោល។
ជាក់ស្តែងតាមរបាយការណ៍របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនិងជាតំណាងសាលាដំបូងខេត្តទាំង៥បានបញ្ជាក់ថា វត្ថុតាងថ្នាំញៀនដែលបានសម្រេចតាមសាលក្រមសាលដីកាស្ថាពររបស់សាលាដំបូងខេត្តទាំង៥ត្រូវធ្វើការដុតបំផ្លាញនៅពេលនេះរួមមាន៖មេតំហ្វេតាមីនwyនិងICE ចំនួន១៦.៥៨៧,៦៣ក្រាម
មេតំហ្វេតាមីនICEចំនួន១៨កញ្ចប់និងម្សៅសម្រាប់ផលិតគ្រឿងញៀនចំនួន៧៥៩,១ក្រាម។
ឯកឧត្តមបានបន្តថា ដើម្បីបន្តអនុវត្តអោយកាន់តែសកម្មនិងកាន់តែស៊ីជម្រៅបន្ថែមទៀតស្របតាមគោលនយោបាយនិងយុទ្ធនាការរបស់រាជរដ្ឋាភិបាល
១-ប្រជាពលរដ្ឋ ទាំងអស់ត្រូវ ជៀសឆ្ងាយពីគ្រឿងញៀនហើយត្រូវនិយាយថា(ទេ)ចំពោះគ្រឿងញៀន។
២-បន្តជម្រុញ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋអោយចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន។
៣-បន្តអនុវត្តច្បាប់ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀនអោយបានម៉ឺងម៉ាត់។
៤-តំណាងអយ្យាការអមសា លាដំបូងរាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធអោយបានជិតស្និទ្ធនិងអនុវត្តតួនាទីរបស់ខ្លួនអោយបានម៉ឺងម៉ាត់ស្របតាមនីតិវិធីច្បាប់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
៥-ស្នើអោយតុលាការជួយ ពន្លឿននីតិវិធីចំពោះបទល្មើសគ្រឿងញៀនអោយបានឆាប់ដើម្បីបន្តនីតិវិធីលក់ឡាយឡុងទ្រព្យដែលរឹបអូសពីបទល្មើសគ្រឿងញៀនយកទៅបម្រើបុព្វហេតុយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ ៕







