ប្រកាសតែងតាំង និងផ្ទេរភារកិច្ចអភិបាលរងខេត្តបាត់ដំបងថ្មី, លោក ខូយ រីដា ជំនួសលោក យឹម សៀប ត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ
(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច លោក ខូយ រីដា ពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរទៅជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ក្រសួងមហាផ្ទៃវិញ។
ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបាត់ដំបង កងកម្លាំង អភិបាលក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធក្នុងសាលាខេត្តចូលរួមផងដែរ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍សង្ខេបស្តីពីលទ្ធផលការងារក្នុងខេត្តរបស់លោក សុខ លូ អភិបាលខេត្តដំបង រួចមក, លោក សក់ សេដ្ឋា បានប្រគល់សេចក្តីប្រកាសតែងតាំងជូនលោក ខូយ រីដា អភិបាលរងខេត្តទើបតែងតាំងថ្មី ព្រមទាំងផ្តាំផ្ញើដល់អភិបាលរងថ្មី ត្រូវខិតខំធ្វើការដោយមានកិច្ចសហការល្អផ្ទៃក្នុង និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
លោក សក់ សេដ្ឋា បានបញ្ជាក់ថា ការងារនៅគ្រប់ជាន់ថ្នាក់ដែលត្រូវធ្វើមានច្រើនណាស់មានដូចជា ការបម្រើសេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញ-ចូលតែមួយ និងពង្រឹងដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ពិសេសរដ្ឋបាលខេត្តធ្វើបានល្អក្នុងពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ និងពន្យល់ជម្រាបជូនប្រជាពលរដ្ឋឱ្យគាត់រៀនរស់នៅក្នុងភាពស៊ាំជាមួយមេរោគកូវីដ១៩ នៅតាមសហគមន៍។
លោករដ្ឋលេខាធិការក៏បានរំលឹកផងដែរពីការងារព្រំដែន ដោយមានកិច្ចសហការល្អជាមួយមន្រ្តីជំនាញ កងកម្លាំង និងប្រទេសជិតខាង រួមសហការគ្នាធ្វើការឱ្យបានល្អ រាល់កិច្ចការទាំងឡាយណាដែលជាប់ពាក់ព័ន្ធនៅតាមច្រកព្រំដែនកម្ពុជា-ថៃជាដើម។យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដំណាក់កាល៤ ជំហានទី២ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺមានគោលដៅច្បាស់លាស់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានជីវភាពកម្រិតមធ្យមដែលមានចំណូលខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ។
បន្ថែមពីនេះលោក សក់ សេដ្ឋា បានគូសបញ្ជាក់ថា ខេត្តបាត់ដំបង មានសក្តានុពលខ្លាំង និងអំណោយផលដែលធ្វើឱ្យការអនុវត្តមានភាពងាយស្រួលក្នុងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្ត។
លោកក៏បានរំលឹកដល់ថ្នាក់ដឹកនាំខេត្តស្តីពី កិច្ចការរបៀបរបបរដ្ឋបាល ឯកសារគតិយុត្តិធ្វើអ្វីៗទៅតាមច្បាប់ ដែលថ្នាក់លើបានប្រគល់ជូនរួចហើយ។
ក្នុងឱកាសនោះដែរ លោកបានផ្តោតទៅលើការពង្រឹងសន្តិសុខក្នុងពេលបោះឆ្នោត ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបានល្អប្រសើក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។ លោកបានកោតសរសើរដល់មន្រ្តីគ្រប់ជំនាញ និងកម្លាំងគ្រប់ប្រភេទ នៃរដ្ឋបាលខេត្តដែលបានខិតខំយកចិត្តទុកដាក់ខ្លាំងក្នុងការជួយដល់ការងារជំងឺកូវីដ១៩ កន្លងមក និងត្រូវបន្តធ្វើកិច្ចការនេះបន្តបន្ថែមទៀតផងដែរ៕












