កំពត ៖ ទីបំផុតបឹងព្រែកឬប្រឡាយនានា ដែលអមសងខាងផ្លូវនៃភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ផ្តើមបាត់រូបរាងបន្តិចម្តងៗ ហើយមិនយូរមិនឆាប់នឹងអាចបាត់ទ្រង់ទ្រាយដើមទាំងស្រុងក៏អាចថាបាន បើនៅតែមានការចាក់ដីបំពេញបន្ថែមឥតឈប់ឈរបែបនេះ។
ដោយសារមានសកម្មភាពដូចខាងលើ មហាជនទូទៅបានលើកឡើងថា ការចាក់ដីលុបប្រឡាយនិងព្រែកក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចពិតជាបានកើតឡើងដ៏កក្រើកពីសំណាក់ប្រជាពលរដ្ឋ ហើយសកម្មភាពនេះក៏បានកើតឡើងប្រហែលជាង៣ឆ្នាំមកហើយដែរ ព្រោះអ្នកដែលចាក់ដីលុបប្រឡាយឬព្រែកបឹងបួរភាគច្រើនយកទីតាំងបើកអាជីវកម្មផ្សេងៗ តពីម្នាក់ទៅម្នាក់។បានន័យថាប្រជាពលរដ្ឋណាអាចចាក់ដីលុបព្រែកឬប្រឡាយបាន អ្នកផ្សេងក៏មានសិទ្ធិចាក់លុបបានដូចគ្នាសំខាន់ឱ្យតែមានក្បាលដីនៅទីនោះ ពិសេសសុំគោលការណ៍ពីអាជ្ញាធរក្នុងតំបន់ជាការស្រេច ម្លោះហើយទើបទីតាំងភូមិសាស្ត្រស្រុកកំពង់ត្រាច ក្លាយជាតំបន់អភិវឌ្ឍន៍មួយដែលមានប្រពៃណីចាក់ដីលុបប្រឡាយ ព្រែក បឹងបួរ ដោយគ្មានពេលសំរាកបែបនេះ ។
ជាក់ស្តែង បើយើងក្រលេកមើលព្រែកនិងបឹងត្រង់ចំណុចខាងកើតផ្សារកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងលិច កាលពីមុនបឹងនេះមានទ្រង់ទ្រាយធំ ឯព្រែកក៏មានផ្លូវទឹកធំទូលាយ សំរាប់បញ្ជូនទឹកបញ្ចៀសជំនន់ដោយគ្មានបារម្មណ៍ ប៉ុន្តែមកដល់បច្ចុប្បន្ន បឹងក៏កាន់តែរួមតូចហើយព្រែកក៏កាន់តែបាត់ធាតុដើមម្តងបន្តិចៗ ដែលជាករណីមួយបង្កការកកស្ទះទឹកជាច្រើនអន្លើផងដែរ។
មជ្ឈដ្ឋានដដែលក៏បានបង្ហើបទៀតថា សព្វថ្ងៃចំណុចបឹងធម្មជាតិខាងលើត្រូវរងការចាក់លប់ស្ទើក្លាយជាដីគោក គឺគ្មានរូបរាងបឹងដូចពីមុនឡើយ ដោយការចាក់ដីបើគិតពីអ័ក្សផ្លូវមានប្រវែងក្បែរ១០០ម៉ែត្រទៅហើយ ទើបធ្វើឱ្យផ្ទៃបឹងទាំមូលកាន់តែបង្រួមតូចស្ទើមើលលែងដឹងថាជាបឹងទៀតហើយ។
លោក ហម សុខភារម្យ នាយករងរដ្ឋបាលសាលាស្រុកកំពង់ត្រាច បានបញ្ជាក់តាមទូរសព្ទនៅរសៀលថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៧ថា កាលពីម្សិលមិញក៏មានពលរដ្ឋរាយការណ៍ថាមានការចាក់ដីលុបបឹងដែរ លោកក៏ទៅពិនិត្យមើលទើបយល់ថា ការចាក់នេះពុំបានរំលោភចូលក្នុងផ្ទៃបឹងធម្មជាតិទេ ព្រោះម្ចាស់ដីគេចាក់លុបតាមឯកសារដីដែលគិតពីអ័ក្សផ្លូវមានប្រវែង៦០ម៉ែត្រឯណោះ។
ទាក់ទិននឹងករណីដដែលនេះ អភិបាលស្រុកកំពង់ត្រាច លោកអ៊ុម សីុណាត បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទក្នុងរសៀលនេះថា ពេលនេះលោកកំពុងជាប់រវល់ប្រជុំ ៕




