លោក ជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដាក់ចេញអនុសាសន៍ ៦ ក្នុងមហាសន្និបាត មន្ត្រីសង្ឃលើក ទី២៩ ប្រគេនមន្ត្រីសង្ឃនៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី ២៩ នៅខេត្តស្វាយរៀង លោកស្រីបានដាក់ចេញនូវចំណុចសំខាន់ៗចំនួន៦ចំណុចដើម្បីប្រគេនមន្ត្រីសង្ឃនៅទូទាំងខេត្តស្វាយរៀង ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព។
ពិធីនេះមានការចូលរួមពី ព្រះមេគណ ព្រះអនុគណ ព្រះមន្រ្តីសង្ឃ និងព្រះថេរា-នុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នាព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកស្រីកិត្តិសង្គហបណ្ឌិត បានចូលរួមចំណែកផ្តល់នូវអនុសាសន៍មួយចំនួន៦ចំណុចនោះរួមមានដូចតទៅ ៖
ទី១៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរឹងមាំល្អផូរផង់។
ទី២៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើង តាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អដល់ពុទ្ធបរិស័ទ និងរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។
ទី៣៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់កិច្ចសហប្រតិបត្តិការល្អឡើងថែមទៀតជាមួយមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីសហការបំពេញការងារឲ្យកាន់តែទទួលលទ្ធផលល្អ ប្រកបដោយការយោគយល់គ្នា និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
ទី៤៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កម្រិត ឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលី សំស្ក្រឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយ ដ៏ល្អប្រពៃក្នុងសង្គមជាតិ។
ទី៥៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការងាររដ្ឋបាលវត្ត និងផ្សព្វផ្សាយព្រះធម៌ តាមមធ្យោបាយនានា ដើម្បីជួយសតិអារម្មណ៍ពុទ្ធបរិស័ទ ឲ្យប្រព្រឹត្តអំពើល្អ ប្រកាន់សច្ចធម៌សង្គម និងជៀសវាងអំពើបាបគ្រប់ប្រភេទ។
ទី៦៖ ព្រះសង្ឃ និងពុទ្ធបរិស័ទជាពុទ្ធសាសនិកទាំងអស់ត្រូវតែប្រុងប្រយ័ត្ននិងការពារឲ្យបាន នូវការចម្លងនៃមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេស ប្រភេទអូមីក្រុង ដែលបច្ចុប្បន្ននេះ នៅលើពិភពលោកអត្រាឆ្លងនៅមានកម្រិតខ្ពស់ ក្នុងនោះកម្ពុជាក៏បាននឹងកំពុងមានការចម្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។
ជាទីបញ្ជប់ លោកស្រី ក៏បានប្រគេនដល់ព្រះសង្ឃដែលបាននិមន្តចូលរួមក្នុងកម្មវិធីមានចំនួន ១៦២អង្គ ក្នុងមួយអង្គៗទទួលបានបច្ច័យ ៥ម៉ឺនរៀល ប្រគេនព្រះមេគណខេត្ត ២លានរៀល ប្រគេនថវិកាសម្រាប់ ចង្ហាន់ថ្ងៃត្រង់ចំនួន ៣លានរៀល ៕




