កែប៖ នៅរសៀលថ្ងៃទី០៣ខែមីនា ឆ្នាំ២០១៧នេះ ក្នុងសាលប្រជុំធំនៃសាលាខេត្តកែប បានប្រារព្វខួបលើកទី១០៦ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបអមដោយថ្នាក់ដឹកនាំក្រោមឱវាទ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធនានានិងមន្ត្រីរាជការទូទាំងខេត្តផងដែរ។
លោកស្រី អ៊ុល ភីរុណ ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានធ្វើរបាយការណ៍ស្វាគមន៍ដោយលើកឡើងថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាលើសកលលោក តែងតែប្រារព្វពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រី ដោយពិនិត្យមើលផងដែរ លើសមិទ្ធិផលសម្រេចបាន បញ្ហាប្រឈមនៅសេសសល់ដើម្បីរៀបចំផែនការ សម្រាប់អនុវត្តជាបន្តទៅឆ្នាំខាងមុខទៀតឆ្ពោះទៅលើកកំពស់សមភាពយេនឌ័រនិងផ្តល់ភាពអង់អាចដល់ស្ត្រី។ក្នុងពិធីខួបលើកទី១០៦ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៧នេះ ក្រសួងកិច្ចការនារីបានលើកយកប្រធានបទគឺ “ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព”ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាពនិងការលើកកំពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រីដើម្បីកាត់បន្ថោយអំពើហិង្សានិងដោះស្រាយជម្លោះដោយសន្តិវិធី ឈានទៅលើកកំពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រីក៏ដូចជាវឌ្ឍនភាពសង្គមផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ក៏បានលើកឡើងពីប្រវត្តិខ្លះៗស្តីពីទិវាអន្តរជាតិ៨មីនា។លោកបានឱ្យដឹងថា កាលពីសង្គ្រាមលោកលើកទី១ ស្ត្រីនៅជុំវិញពិភពលោកបានធ្វើការតស៊ូមតិឱ្យមានការប្រើប្រាស់កិច្ចសន្យា និងសន្តិភាពជំនួសឱ្យអំពើហិង្សាក្នុងការដោះស្រាយជម្លោះ។ស្ត្រីបានជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះផលវិបាកជាច្រើនកើតចេញពីអំពើហិង្សានិងជម្លោះប្រដាប់អាវុធ រួមទាំងការរីករាលដាលនៃអំពើហិង្សា ផ្លូវភេទផងដែរ ដែលស្ត្រីនិងក្មេងស្រី គឺជាជនរងគ្រោះ។បន្ទាប់មកក្នុងចុងឆ្នាំ២០០០ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការ នូវតួនាទីរបស់ស្ត្រីក្នុងកិច្ចការថែរក្សាសន្តិភាព ដោយបានអនុម័តជាឯកច្ឆ័ន្នលើសេចក្តីសម្រេចលេខ ១៣២៥ ស្តីពីស្ត្រីសន្តិភាពនិងសន្តិសុខ រួមទាំងសេចក្តីសម្រេចចំនួន៧ទៀត ដែលមានគោលបំណងពង្រីកការចូលរួមរបស់ស្ត្រីក្នុងការបង្កា ទប់ស្កាត់ជម្លោះ បញ្ចប់អំពើហិង្សាផ្លូវភេទនៅក្នុងអំឡុងពេលមានជម្លោះនិងកែលំអឱ្យកាន់តែល្អប្រសើរនូវប្រព័ន្ធគណនេយ្យភាពអន្តរជាតិ៕ ណារិទ្ធ




