ភ្នំពេញ ៖ លោកជំទាវ ឃួន សុដាវី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំងក្រុមការងារបាននាំយកចង្ហាន់ និងទ័យទាន ទៅវេប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ ក្នុងខណ្ឌ័សីមាវត្ត វិមានតេជ្ជះ (ហៅវត្តស្រះចក) នៅព្រឹកថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនិងថ្ងៃ៧រោច ខែ ភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ហើយក៍ជាថ្ងៃកាន់បិណ្ឌទី៧ផងដែរ ដែលមានសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹងប៊ុនឈា ព្រះអគាតធិការងពុទ្ធសិក្សាជាតិ សមាជិកថេរៈសភសហ្ឃ នៃព្រះរាជាណាចក្រកម្ពុជា ជាចៅអធិការវត្តស្រះចក ភ្នំពេញជាប្រធានសង្ឃក្នុងវត្តវិមានតេជ្ជៈ (ហៅវត្តស្រះចក)។
ក្នុងឱកាសនោះ លោកជំទាវបានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន១.៤៩០០០០៛ (មួយលានសែសិបប្រាំបួនម៉ឺនរៀល) អង្ករចំនួន៣បាវ មី៦កេស ទឹកសុទ្ធ៣កេស ទឹកក្រូច១កេស ត្រីខ១យួរ និងជូនលោកយាយ លោកតាកុមារា កុមារី៥៧នាក់ ក្នុងម្នាក់១ម៉ឺនរៀល និងជូនលោកតាអាចារ្យចំនួន៥ម៉ឺនរៀល។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ គឺគេប្រារពធ្វើចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែ ភទ្របទ គោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានមាតាបីតាជីដូនជីតា ញាត្តិកាទាំងប្រាំពីរសន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់បរលោក និងមួយចំណែកទៀតឧទ្ទិសដល់ដួង វិញ្ញាណខ័ន្ធវិរៈយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដើម្បីឲ្យដួងវិញ្ញាណខ័ន្ធអ្នកទាំង នោះ បានទទួលនូវមហាកុសលផលបុណ្យពីឯកឧត្តម និងលោកជំទាវ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌក្រែងឡូដួងវិញ្ញាណ ខ័ន្ធអ្នកទាំងនោះ កើតនៅក្នុងឋានដែលពុំសមគួរណាមួយ សូមឲ្យកុសលផលបុណ្យជួយយឹតយោង នូវដួងវិញ្ញាណក្ខ័ន្ធ ព្វការីជនទាំងអស់នោះ ទៅកាន់ឋានបរមសុខកុំបីឃ្លៀនឃ្លាតឡើយ ។
ខ្លឹមសារសិលាចារឹកទាំងនេះក៏បានបន្ថែមនូវព័ត៌មានមួយចំនួនទៀតពាក់ព័ន្ធទៅនឹងកម្មវិធីនេះដែរថា ជំនឿប្រជាប្រិយនេះ មានប្រភពចេញពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធគំនិតមន-ខ្មែរក៏មែនពិត ដោយហេតុថា ការសែនព្រេន ឬឧទ្ទិសដល់វិញ្ញាណក្ខន្ធ នូវគ្រឿងបរិភោគឧបភោគផ្សេងៗត្រូវបានគូសបញ្ជាក់ដោយវប្បធម៌ស្នាយ រវាងសតវត្សរ៍ទី០១ ដល់ទី ០៤ នៃគ្រិស្ដសករាជ ឬមុននេះទៀតក៏ប៉ុន្ដែត្រូវបានបញ្ចូលនូវទស្សនាទានបែបឥណ្ឌាយ៉ាងប្រាកដ ។
ជាសរុបទៅ ទោះជាបុណ្យកាន់បិណ្ឌនេះមិនត្រូវបានធ្វើឡើងដោយសារជាការកំណត់ ឬ បញ្ញត្តិរបស់ព្រះពុទ្ធក្តី ក៏បុណ្យនេះគ្មានអ្វីខ្ទាស់នឹងពុទ្ធបញ្ញត្តិដែរ ហើយក៏មានផល ប្រយោជន៍ច្រើនប្រការដូចជា ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលគង់ចាំវស្សា ដែលកំពុងជួបក្តីលំបាកដោយសារភ្លៀង , ដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ , ឲ្យមនុស្សគ្រប់រូបតាំងចិត្តបំពេញសេចក្តីល្អ កុំឲ្យលុះក្នុងក្តីប្រមាទ បណ្តុះស្មារតីឲ្យមនុស្សលះបង់សេចក្តីអាក្រក់គ្រប់យ៉ាង, ឲ្យមនុស្សមានស្មារតីកត្តញ្ញូ (ដឹងគុណ ) នឹកឃើញគុណដល់អ្នកដែលធ្លាប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ ទាំងអ្នកដែលនៅរស់ , បង្កើតឱកាសឲ្យសាច់ញាតិទាំងឡាយដែលរស់នៅទីផ្សេងគ្នាមានពេលអាចស្កាត់រកគ្នា និង បង្កើតបានឯកភាព និងសាមគ្គីភាពជាដើម ។ ព្រោះតែហេតុនេះ ទើបបុណ្យកាន់បិណ្ឌ ត្រូវបានកំណត់ពេលវេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេលដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូច ជាបុណ្យបំបួសកុលបុត្រជាដើម ដែលគេអាចធ្វើនៅពេលណាក៏បាន ។ក៏អាចកត់ចំណាំផងដែរថា បុគ្គលដែលធ្លាប់តែសាងបាបកម្មច្រើនប៉ុណ្ណា មិនស្អាតបាតយ៉ាងណា មានគំនិតអាក្រក់យ៉ាងម្ល៉ា ពោលវាចាអសុរសយ៉ាងណា ។
បើគេគិតថា នឹងទៅបុណ្យកាន់បិណ្ឌនោះ ពួកគេតែងតែចាប់ផ្តើមសម្អាតផ្ចិតផ្ចង់ តាំងរូបកាយ សម្លៀកបំពាក់ អាហារ ពាក្យសំដី អាកប្បកិរិយា និង ចិត្តគំនិត ឱ្យបានល្អស្អាតតាមដែលអាច ។នេះក៏ទុកថា បុណ្យកាន់បិណ្ឌ ជាឱកាសសម្រាប់មនុស្សធ្វើសេចក្តីល្អ គឺល្អទាំងកាយ ទាំងវាចា ទាំងចិត្ត បើទោះជាធ្វើល្អបានតែក្នុងរយៈពេលដ៏ខ្លីនេះក៏ដោយ ក៏ជាឧបនិស្ស័យមួយដែលប្រសើរជាងអត់សោះ ហើយក៏ជាការក្រើនរំលឹកដល់ចិត្តមនុស្សឱ្យគិតដល់សេចក្តីល្អ និង ស្គាល់រសជាតិនៃសេចក្តីល្អផងដែរ ៕
ដោយ ហុក វិបុល


