មណ្ឌលគិរី៖ ស្រាពាងជាប្រភេទស្រាម្យ៉ាង ដែលផលិតដោយជនជាតិដើមភាគតិចតាំងពីបូរាណកាលមក ហើយបច្ចុប្បន្ន នេះរូបមន្តនៃការផលិតស្រាពាង នៅតែបានរក្សាទុកយ៉ាងល្អ ពុំទាន់បាត់បង់នៅឡើយទេ ។ សម្រាប់ខេត្តមណ្ឌលគិរី ជនជា តិដើមព្នង មិនត្រឹមតែបិទស្រាពាងបម្រើដល់ប្រពៃណីរបស់ពួកគេនោះទេ ដោយពួកគេថែមទាំងបានផលិតស្រាពាងលក់ ដើម្បីផ្គត់ផ្គង់ជីវភាពថែមទៀតផង ។
ជនជាតិដើមភាគតិចព្នងរស់នៅក្នុងឃុំប៊ូស្រា-ស្រុកពេជ្រាដា បានឲ្យដឹងថា ការបិតស្រាពាងនេះគឺបានបន្សល់ទុក នូវរូបមន្តតាំងពីដូនតារបស់ពួកគេមក ដោយការបិតស្រាពាងសព្វថ្ងៃនេះគឺពួកគេធ្វើឡើង ដើម្បីលក់សម្រាប់ផ្គត់ផ្គង់ជីវភាព និងសម្រាប់ដាក់ក្នុងពិធីនានារបស់ជនជាតិព្នង ព្រោះយោងតាមប្រពៃណីរបស់ជនជាតិព្នងគឺត្រូវប្រើប្រាស់ ស្រាពាងនេះជា ចាំបាច់គ្រប់ពិធីទាំងអស់ ដូចជាពិធីរៀបការ ពិធីបូជា ឬលៀសលាងផ្សេងៗ និងពិធីសែនព្រេនជាច្រើនទៀត ហើយសូម្បី នៅពេលមានមនុស្សស្លាប់ ក៏ត្រូវមានស្រាពាងនេះ ដាក់ឧទ្ទិសដល់អ្នកដែលបានស្លាប់នៅកន្លែងកប់សពផងដែរ ។
ជនជាតិដើមភាគតិចព្នងបានឲ្យដឹងទៀតថា ការផលិតស្រាពាងគឺមិនមានភាពលំបាកទេ ប៉ុន្តែយើងត្រូវការពេលវេ លាយូរសម្រាប់ទុកឲ្យជាតិស្រាចេញមក ព្រោះបើយើងបិតហើយភ្លាម យើងយកមកពិសាគឺមិនមានរស់ជាតិទេ ហើយ សម្រាប់រូបមន្តផលិតស្រានេះ គឺត្រូវមានអង្ករ អង្កាម និងមេតាប៉ែ ដោយដំបូងត្រូវយក អង្ករ និងអង្កាម ត្រាំទឹកទុកចោល រយៈពេលប្រមាណ៣ទៅ៤ម៉ោង បន្ទាប់មកយើងត្រូវលាងសម្អាតអង្ករ និងអង្កាម នោះឲ្យស្អាត ក្រោយមកទៀតត្រូវយក អង្ករ និងអង្កាម លាយបញ្ចូលគ្នាដាក់ក្នុងឆ្នាំងចម្ហុយរយៈពេល២ទៅ៤ម៉ោង រហូតយើងសង្កេតឃើញថា អង្ករ និងអង្កាម ដែលយើងដាក់ចម្ហុយនោះឆ្អិន ទើបយើងយកវាចេញមកទុកឲ្យត្រជាក់ រួចហើយយកអង្ករ និងអង្កាម ដែលយើងចម្ហុយហើយនោះកូរឲ្យសព្វ ជាមួយមេតាប៉ែ ដាក់ចូលទៅក្នុងពាង និងត្រូវរុំមាត់ពាងឲ្យជិត ទុកផ្អាប់វាយ៉ាងហោចណាស់រយៈពេល ១៥ថ្ងៃ ទើបអាចយកមកពិសាបាន ហើយប្រសិនបើយើងទុកស្រាពាងនោះ កាន់តែយូររហូតដល់រាប់សិបឆ្នាំបាននោះ ស្រានោះនិងកាន់តែមានរស់ជាតិឈ្ងុញឆ្ងាយ់ ។
ជនជាតិព្នងបានបញ្ជាក់ថា សម្រាប់ការពិសាស្រាពាងនេះ គឺត្រូវយកទឹកឆៅក៏បាន ទឹកឆ្អិនក៏បាន ចាក់ចូលក្នុងពា ងស្រា ហើយប្រើបំពុងទុយ៉ូបឺតទឹកស្រាចេញពីពាង បន្ទាប់មកត្រូវចាក់ទឹកចូលក្នុងពាងស្រាបន្ថែមទៀត ដោយយើងប្រើវិធី នេះរហូតទាល់តែយើងបឺតចេញមកលែងមានជាតិស្រា ប្រែជាសាប ទើបយើងឈប់ពិសា ។
ជនជាតិព្នងបានបញ្ជាក់ទៀត ថា សម្រាប់ការចាក់ទឹកចូលពាងស្រានេះ គឺមិនអាចចាក់ទឹកក្ដៅចូលបានទេ ប្រើបានតែទឹកត្រជាក់ប៉ុណ្ណោះ ចំណែកឯពាង ស្រាវិញ មានពាងខ្លះគឺបន្សល់តាំងពីដូនតារបស់ពួកគេរាប់រយឆ្នាំមកហើយ រីឯពាងខ្លះទៀតគឺពួកគេទិញមកពីផ្សារ ដោយពួកគេបច្ចុប្បន្នពុំចេះផលិតពាងស្រានោះទេ ហើយចំពោះបរិមាណអង្ករ អង្កាម និងមេតាប៉ែ ដែលយើងមកបិតស្រាពាង នេះ យើងត្រូវប្រើវាតិច ឬច្រើន តាមជាក់ស្ដែងថាពាងស្រានោះ តូចឬធំ ៕


