នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១២និង៤០នាទី កំលាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកសូ សុវទ្យា ព្រះរាជ្ញារង និង លោកវរៈសេនីយ៍ឯក វៃ អាន ស្នងការរងទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះត្រួតពិនិត្យផ្ទះជួលមួយ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ប្រទះឃើញគ្រឿងញៀន និងឈើជាច្រើនដុំ ។
បន្ទាប់ពីធ្វើការឆែកឆេរ លទ្ធផលក្រោយការចុះត្រួតពិនិត្យ ជនសង្ស័យចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន ដែលមាន ១.ឈ្មោះ ង្វៀន វឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ២.ឈ្មោះ វ៉ូ វ៉ាន់ជីង ភេទប្រុស អាយ៤០ឆ្នាំ ជនជាតិវៀតណាម ៣.ឈ្មោះ និញ កាស៊ី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ៤.ឈ្មោះ ម៉េង ឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម និងជនទីប្រាំ មិនស្គាល់ឈ្មោះ ។
វត្ថុតាងដែលដកហូតបាន រួមមាន ៖ ១.ថង់សម្រាប់វិចខ្ចប់ ប្រើប្រាស់រួចចំនួន១១ថង់ ២.កន្ទោងអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់ចំនួន០៣ កន្ទោង ៣.ដែកកេះចំនួន០៣ ៤.ដបទឹកសម្រាប់ជក់ចំនួន០១ ៥.បង្កាន់ដៃត្រួតពិនិត្យជនអន្តោប្រវេសន៍។
ក្នុងឱកាសឆែកឆេរនោះផងដែរ កំលាំងសមត្ថកិច្ច បានប្រទះឃើញឈើចំនួន ១១១ ដុំ រួចបញ្ជូនកាន់ខណ្ឌរដ្ឋបាលព្រៃឈើដើម្បីរក្សាទុក ៕






