កំពង់ធំ ៖ ប្រទេសកម្ពុជាយើងបានឆ្លងកាត់សង្ក្រាម និងរបបប្រល័យពូចសាសន៍ ដែលបានបន្សល់នូវផលវិបាកជាច្រើន ដែល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវប្រឈមមុខដោះស្រាយដូចជា គ្រួសារពលី ជនពិការ កូនកំព្រា ស្ត្រី មេមាយ ជនអនាថា ជនចំណាកស្រុក អ្នកសុំទាន និវត្តន៍ជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ចាស់ជរាគ្មានទីពឹង ប្រាក់ធានារ៉ាប់ រងសង្គម ។ បេកកម្មដែលបានរៀបរាប់ខាងលើ និងការដឹកនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការក្នុងខេត្តកំពង់ធំ ចាប់ពីដើមឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៦ សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរ ។
លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខ្ញុំសូមអនុញ្ញាតជួសមុខឱ្យថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត កំពង់ធំ និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានឆ្លៀតឱកាសដ៏មមាញឹកបានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយនាថ្ងៃទី ២៦ នាពេលនេះ ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជននិងយុវនីតិសម្បទា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែងសូម្បីនិវត្តជនជនពិការ និងគ្រួសារយុទ្ធពលី ក៏សម្តេចមិនដែលបំភ្លេចពីគុណបំណាច់របស់ពួកគាត់បាននោះឡើយព្រមទាំងបានឱ្យក្រសួងសង្គមកិច្ច និងគ្រប់មន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន ជនពិការ និងគ្រួសារយុទ្ធពលីត្រូវបើកប្រាក់ខែជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ឯកឧត្តម វងសូត បានមានប្រសាសន៍នេះ ក្នុងពិធីចែកអំណោយ ដល់អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ធំ នៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និវត្តជន ជនពិការ និងគ្រួសារយុទ្ធពលីចំនួន២០០គ្រួសារ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រោខត្តកំពង់ធំ និងបើកប្រាក់សមាហរណកម្ម ជូនដល់យុវជនចំនួន១១នាក់ដែលត្រូវវិលទៅរស់ នៅក្នុងសហគមន៍វិញ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១លាននិង៨ម៉ឺនរៀល។ ចំណែកគ្រួសារនិវត្តជន ជនពិការ និង គ្រួសារយុទ្ធពលី ចំនួន២០០គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធប៊ីដុងធំ ១ប៊ីដុង និងថវិកាចំនួន ២០០០០រៀល។
ឯកឧត្តម វង សូត មានប្រសាសន៍ថា ក្រសួងសង្គមកិច្ច អតីត យុទ្ធជននិងយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ច មានតួនាទីភារកិច្ចជាអ្នកបើកប្រាក់បៀវត្សរ៍ជូនបងប្អូននិវត្តជន ជនពិការនិងគ្រួសារយុទ្ធពលី ដូចមន្ត្រីរាជការផ្សេងៗដែរ ដោយមិនរង់ចាំ២ទៅ៣ខែបានបើកជូននោះទេ ហើយក្រសួង កំពុងតែធ្វើការសម្របសម្រួលដល់បងប្អូនពិការណា ដែលមកបើកប្រាក់មិនរួច ហើយត្រូវផ្ទេរសិទ្ធិនោះគឺត្រូវផ្ទេរតែត្រឹមថ្នាក់ខេត្ត ដើម្បីកាត់បន្ថយការចំណាយ។/ ដោយ ៖ សារ៉េត






