ខេត្តសៀមរាប៖ ឯ.ឧគឹមឆៃហៀងអភិបាលរងនៃគណៈអភិបាលខេត្ត និងឯ.ឧ តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិកកម្មករ វិយោជិកវិយោជកមកពីបណ្តាក្រុមហ៊ុន សហជីពសណ្ឋាគារ គ្រឹះស្ថាននានាក្នុងខេត្តប្រមាណជាង៧០០នាក់ដែលបានចូលរួមក្នុងឱកាសអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ០១ឧសភា ១៨៨៦.២០១៦ ក្រោមប្រធានបទលើកកម្ពស់ សេរីភាពអង្គការវិជ្ជាជីវៈ និង ស្ថិរភាពផលិតកម្មដើម្បីបង្កើនផលិតភាព និង ការងារកាលពីព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៦នៅភូមិវប្បធម៌ខេត្តសៀមរាប។
តាមខ្លឹមសារនៃសារលិខិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើជូកដល់បងប្អូនកម្មករនិយោជិក និយោជក ដែលអានដោយលោកច័ន្ទ សុខុមចិត្តាប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប ក្រោមគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារដោយផ្តោតជាសំខាន់លើសសរស្តម្ភបី ១.ការបង្កើនឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់, ២.ជម្រុញការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្សនិង៣.ការព្រឹងអភិបាលកិច្ចទីផ្សារការងារ។
មានប្រសាសន៍សំណេះសំណាលនោះឯ.ឧគឹមឆៃហៀងក៏បានគូសបញ្ជាក់ថាក្នុងវិស័យការងារការអនុវត្តលក្ខខណ្ឌការងារ និង សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កាន់តែមានភាព ប្រសើរឡើងតាមរយៈប្រសិទ្ធភាពនៃប្រព័ន្ធអធិការកិច្ចការងារ ដែលបានបង្កភាពងាយស្រួល និង ទទួលបានការពេញចិត្តពីសំណាក់កម្មករ និយោជិក និង និយោជក នៅតាមសហគ្រាស និង គ្រឹះស្ថាននានា ។ឯកឧត្តមបន្តទៀតថាការអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឲ្យខេត្តសៀមរាប មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ម្យ៉ាងទៀតរដ្ឋបាលខេត្តសៀមរាប បានអនុវត្តយ៉ាងសកម្មនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅនានារបស់រាជរដ្ឋាភិបាល ដោយផ្តោតយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែឆាប់រហ័សទាន់ពេលវេលា មានគុណភាព ប្រសិទ្ធិភាព និងតម្លាភាព ព្រមទាំងបានខិតខំជម្រុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់ចរាចរផ្លូវគោកថ្មី ច្បាប់ភូមិបាល ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិនានាឲ្យមានប្រសិទ្ធិភាពសំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធិភាព នៅទូទាំងខេត្តសៀមរា ។
ឯ.ឧគឹមឆៃហៀងក៏បានគូសបញ្ជាក់ថាខួបអនុស្សាវរីយ៏លើកទី១៣០ ទិវាពលកម្មអន្តរជាតិ១ឧសភា១៨៨៦ – ២០១៦គឺរំព្ញកឡើងវិញនូវថ្ងៃជ័យជនះនៃចលនាតស៊ូទាមទារសិទ្ធិសេរីភាព និងលក្ខខណ្ឌការងាររបស់កម្មករ ពលករនៅលើពិភពលោក ក្នុងគោលបំណងទាមទារ កែលម្អលក្ខខណ្ឌការងារ និង លក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាពលករនៃបណ្តាប្រទេសទាំងនោះ ហើយក៏បានក្លាយជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអន្តរជាតិជារៀងរហូតមក ។
ឯកឧត្តមក៏សូមឲ្យអង្គពិធីទាំងមូលធ្វើការស្វែងយល់ឲ្យបានច្បាស់ អំពីអត្ថន័យ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា គឺជាសមិទ្ធផលរបស់មនុស្សជាតិដែលបានបង្កើតឡើងនូវលក្ខខណ្ឌការងារជាស្តង់ដាមួយសម្រាប់អនុវត្តនាពេលបច្ចុប្បន្ននេះ ទាំងនៅលើសកលលោកក៏ដូចជានៅកម្ពុជាយើង ដើម្បីឆ្លើយតបទៅនឹងស្មារតីថ្ងៃទី ០១ ឧសភា ឯកឧត្តមបានអំពាវនាវដល់កម្មករនិយោជក និយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាឲ្យបាន ការសាមគ្គីភាពផ្ទៃក្នុងរវាងនិយោជក និងកម្មករនិយោជិត ត្រូវខិតខំអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ពង្រឹងភាពសុខដុម្យនា រវាងនិយោជក និងកម្មករនិយោជិតដែលជាភាគីដៃគូដ៏សំខាន់ មិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និង សូមឲ្យឱកាសទិវាពលកម្មអន្តរជាតិថ្ងៃទី ០១ ខែឧសភានេះ ធ្វើការរៀបចំសកម្មភាព វប្បធម៌សិល្បៈ ការសម្រាក លំហែ កម្សាន្តរីករាយតាមលទ្ធភាពនិងលក្ខណៈសម្បត្តិរៀងៗខ្លួនហើយត្រូវចៀសវាងការធ្វើសកម្មភាពដែលនាំឲ្យរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសសប្បាយរីករាយ របស់សង្គមជាតិ ៕
ដោយ(លុចណាម)សៀមរាប




