មណ្ឌលគិរី ៖ ដីព្រៃអភិរក្សជីវចម្រុះសីមា ខេត្តមណ្ឌលគិរី ដែលលាតសន្ឋឹកក្នុងស្រុកកែវសីមា នឹងស្រុកអូររាំងចំនួនជាង២៩ម៉ឺនហិចតា កំពុងរងការកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណៈផ្ទៃដីព្រៃឈើចំនួនជិត១ម៉ឺនហិចតា បានក្លាយទៅជាវាលរហោឋានរួចទៅហើយ។
ជាក់ស្តែងដីព្រៃដែលទើបត្រូវគេកាប់ព្រៃយកដីចំនួន៩១៩ហិចតា ក្នុងភូមិស្រែអណ្តោល នឹងភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ក្រោយ ពេលក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែង កាលពីអំឡុងឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវគេឃើញមានការកាបរានបន្ថែមទៀត។
ប្រភពបានឲ្យដឹងថា នៅចំនុចអូររយ៉ង់(កាយ៉ង់ក្រូច)នឹងចំនុចអូរគគីរ នៃតំបន់អភិរក្សជីវចម្រុះសីមា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិចក់ចារ នឹងភូមិស្រែអណ្តោល ឃុំស្រែឈូក មានប្រជាពលរដ្ឋចំណាកស្រុក ជាច្រើនគ្រួសារមកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ នឹងបណ្តាខេត្តមួយចំនួនទៀត បាននឹងកំពុងចូល កាប់រានដីព្រៃឈើ ទន្ទ្រានកាន់កាប់យកដីដោយខុសច្បាប់។
ប្រភពបានបន្តថា ប្រជាពលរដ្ឋមាន ចំនួន៥៧គ្រួសារ ស្មើនឹង១៦៦នាក់ នឹងប្រជាពលរដ្ឋមួយចំនួនទៀតបានចូលមក កាប់រានដីព្រៃឈើ នៅពេលថ្ងៃ រួចវិលត្រឡប់ទៅផ្ទះវិញនៅពេលយប់។ ការកាប់រានដីព្រៃអស់សន្ឋឹកសន្ឋាប់ នឹងឆាប់រហ័សបែបនេះ ត្រូវគេព្រួបារម្ភថា មិនយូរទេព្រៃឈើ ក្នុងតំបន់ព្រៃអភិរក្សខេត្តមណ្ឌលគិរី នឹងត្រូវបាត់បង់គ្មានសេសសល់ឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា មិនត្រឹមតែព្រៃឈើទេ ដែលរលាយហិនហោច សូម្បីសត្វព្រៃរាប់រយប្រភេទ រួមទាំងសត្វកម្រដែលប្រទេសនានា លើពិភពលោកមិនមាន ដែលព្រៃកម្ពុជាធ្លាប់មាន ក៏ត្រូវផុតពូជអស់ដែរ។ មន្ត្រីរដ្ឋបាល ព្រៃឈើបានឲ្យដឹងថា ក្នងឆ្នាំ២០១៥-២០១៦ដីតំបន់ព្រៃអភិរក្សជីវចម្រុះសីមា បានរងការកាប់ ទន្ទ្រានយកពីប្រជាពលរដ្ឋ នឹងមន្ត្រីមានអំណាចមានចំនួនរហូតដល់៨ពាន់១៩៨ហិចតា ហើយចំនួននេះ កំពុងកើនឡើងដល់ជាង១ម៉ឺនហិចតាទៅហើយ។ប្រភពដដែលបានឲ្យដឹងថា កន្លងមកមន្ត្រីរដ្ឋបាលព្រៃឈើបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត នឹងគណៈអភិបាលខេត្ត តាំងពីជំនាន់លោក អេង ប៊ុនហៀង ជាអភិបាលខេត្ត ប៉ុន្តែគេមិនដែលឃើញអាជ្ញាធរខេត្តចាត់វិធានការ ចំពោះអ្នកកាប់ទន្ទ្រានដីព្រៃខុសច្បាប់ទាំងនោះទេ គឺបានត្រឹមឲ្យអាជ្ញាធរស្រុកចុះទៅធ្វើការហាមឃាត់ នឹងបិទសេចក្តីប្រកាសឲ្យអ្នកកាន់កាប់ដីខុសច្បាប់នោះ ចាកចេញពីដីរបស់រដ្ឋប៉ុណ្ណោះ។ ប្រជាសហគមន៏បានឲ្យដឹងថា កន្លងមកព្រៃតំបន់នោះ គឺជាព្រៃស្តុកមិនអាចចេញចូលស្រេចនឹងចិត្ត បានទេ ព្រោះព្រៃធំណាស់ មានខ្លា ដំរី ខ្ទីង…ជាដើម តែបច្ចុប្បន្នដីតំបន់បានក្លាយទៅ ដីវាលដោយសារតែ ការកាប់ទន្ទ្រានរាល់ថ្ងៃពីអ្នកដែលចំណាកស្រុកឆ្ងាយៗ។
កាលពីអំឡុងខែមិថុនា ២០១៥ ក្រុមការងារចម្រុះ រួមមានមន្ត្រីរដ្ឋបាលព្រៃឈើនឹងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំនៅតំបន់ព្រៃការពារនឹងអភិរក្សជីវចម្រុះសីមា ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ផ្នែករដ្ឋបាលព្រៃឈើកែវសីមា នឹងសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់-ស្រែព្រះ រួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកែវសីមា អាជ្ញាធរឃុំស្រែឈូក ដឹកនាំដោយលោក សោ វុទ្ឋី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត នឹងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមា បានចុះប្រតិបត្តិការរុះរើខ្ទមនឹងសំណង់អនាធិបតេយ្យរបស់ជនចំណាកស្រុក សរុប៣៧កន្លែង។ ប៉ុន្តែក្រោយពីការចុះអនុវត្តន៏ច្បាប់រុះរើរោងចាំដីទាំងនោះបាន តែប្រហែលមួយសប្តាហ៏ ពួកគេក៏បានបន្តសកម្មភាព សាងសង់សំណង់ទាំងនោះវិញជាដដែល។
ដូច្នេះនៅថ្ងៃទី២០ មិថុនា ២០១៥ មន្ត្រីរដ្ឋបាលព្រៃឈើនឹងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅបណ្តេញក្រុមអនាធិបតេយ្យទាំងនោះម្តងទៀត។ តែសកម្មភាពដេញនោះ គឺដូចវែកចក ព្រោះរហូតមកដល់ពេលនេះ ពួកគេនៅតែបន្តរស់នៅក្នុងតំបន់ហាមឃាត់ហើយថែមទាំង បង្កើនការ កាប់ទន្ទ្រានព្រៃយកដីខ្លាំងជាពេលមុនទៅទៀត។ ប្រជាពលរដ្ឋដែលចូលរស់នៅនឹងកាប់ព្រៃយកដី នៅចំនុចខាងលើបានឲ្យដឹងថា ពួកគាត់គ្មានដីសម្រាប់ធ្វើផ្ទះ នឹងសម្រាប់បង្ករបង្កើនផលទេ ទើបមកកាប់ទន្ទ្រានដីនៅតំបន់នោះ ។ ដីព្រៃក្នុងតំបន់ការពារនឹងអភិរក្សជីវចម្រុះសីមា ដែលរងការកាប់បំផ្លាញធ្ងន់ធ្ងរជាងគេមាន៦ចំនុច ១.រការថ្មី ៤៤ហិចតា ២.ភូមិចក់ចារនឹងភូមិស្រែ អណ្តោល ៩១៩ហិចតា ៣.ចំនុចដូចពូថៅ ១ ៤២៥ហិចតា ៤.ប៉ោដើមស្វាយ វាលគ្រោះ ត្រញាំងទូក ២ ៩៦៣ហិចតា ៥.ភូមិអូរអាម ១ ៤៤៦ហិចតា ៦.ភូមិអូរណានឹងភូមិស្រែល្វី ១ ៤០១ហិចតា សរុបចំនួន៨ ១៩៨ហិចតា។
ក្រុមអ្នកតាមដានបទល្មើសព្រៃឈើបាននិយាយថា បើអាជ្ញារខេត្តមណ្ឌលគិរី មិនចាត់វិធានការជាបន្ទាន់ទេ ដំបៅមួយនេះវាកាន់តែរីកធំទៅធំទៅ នឹងពិបាកព្យាបាល មិនខាន។ ព្រោះសព្វថ្ងៃនេះ មិនមែនមានតែប្រជាជនធម្មតាទេ ដែលមានសកម្មភាពកាប់ទន្ទ្រាន យកដីព្រៃ ធ្វើជាកម្មសិទ្ឋផ្ទាល់ខ្លួន ត្បិតរាល់ថ្ងៃមន្ត្រីមានអំនាចជាច្រើននាក់កំពុង ប្រើល្បិចឲ្យប្រជាជនចូល ទៅកាប់ព្រៃអភិរក្ស ហើយខ្លួនជាអ្នកនៅពីក្រោយខ្នង ដើម្បីទទួលផលប្រយោជន៏។
ប្រជាសហគមន៏ដែលរស់នៅតំបន់ទទួលរងគ្រោះដោយសារការកាប់បំផ្លាញព្រៃឈើយកដីជាកម្មសិទ្ឋផ្ទាល់ខ្លួន បានសំនូមពរដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែលដែលពាក់ព័ន្ឋ ជួយចាត់វិធានការ ជាបន្ទាន់ ចំពោះជនមួយក្តាប់តូចនោះ ដែលកំពុងធ្វើសកម្មភាពកាប់យកដីព្រៃជារាងរាល់ថ្ងៃ។ នឹងសូមឲ្យប្រមុខរាជរដ្ឋាភិបាល ជួយវែកមុខរកមន្ត្រីខិលខូចផង ព្រោះសព្វថ្ងៃអស់លោក បានធ្វើព្យុះធ្វើភ្លៀងស្រាច់នឹងចិត្តនៅខេត្តមណ្ឌលគិរី គ្មានខ្លាចញញើតច្បាប់អីបន្តិចសោះ៕
ដោយ ៖ គឹម ចំរើន





