ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ រហូតមកដល់ពេលនេះ សកម្មភាពជីកដីរែងយករ៉ែត្បូងនៅចំណុចកក្បែរស្ទឹងបយ៉ាខា ក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន កំពុងតែដំណើរការដោយ រលូន ខណៈម្ចាស់អះអាងថា បាននឹងកំពុងរត់ច្បាប់ធ្វើអាជីវកម្ម ចាប់ពីសង្កាត់ រហូតដល់រដ្ឋបាលសាលាខេត្តអស់ហើយ តែមិនទាន់ធ្លាក់មកដល់ដៃនៅឡើយទេនេះជាការអះអាងរបស់អ្នកជីកដីកកាយយករ៉ែត្បូង ឈ្មោះ ឌុច ភេទប្រុស អាយុ៥៩ឆ្នាំ ខណៈដែលខាងមន្ទីររ៉ែ និងថាមពលខេត្តប្រាប់ថា ធ្វើដូចនេះគឺខុសនឹងច្បាប់ ត្រូវបញ្ឈប់សកម្មភាពនោះភ្លាម ។
អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន លោក សុខ សួន បានឱ្យដឹងកាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ថា ប្រជាពលរដ្ឋមានសិទ្ធិប្រកបរបរអាជីវកម្មខ្នាតតូច ដោយជីកដីករែងយករ៉ែគ្រប់ប្រភេទជាលក្ខណៈគ្រួសារ គ្រាន់តែប្រើប្រាស់ឧបករណ៍សម្ភារៈសាមញ្ញៗ ដែលមាននៅក្នុងមូលដ្ឋាន លើផ្ទៃដីដែលមានទំហំមិនលើសពី១ហិកតា និងជំរៅមិនលើសពី៥ម៉ែត្រឡើយ ។ ម្យ៉ាងវិញទៀត ពឹងផ្អែកលើកម្លាំងពលកម្មជាមូលដ្ឋាន មិនឱ្យលើសពី៧នាក់ ហើយប្រជាពលរដ្ឋត្រូវតែមានដីជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនផងដែរ។
លោកបានបន្តទៀតថា ដោយឡែកសកម្មភាពជីកដីរែងយករ៉ែត្បូងនៅចំណុចក្បែរ ស្ទឹងបយ៉ាខា ក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ដែលមានម្ចាស់ ឈ្មោះ ឌុច កំពុងដំណើរការយ៉ាងរលូននោះ គឺខុសនឹងច្បាប់ ព្រោះក្នុងលក្ខខន្ធ ខណៈកំពុងរត់ច្បាប់នៅឡើយ មិនអនុញ្ញាតិឱ្យដំណើរការធ្វើសកម្មភាពជីកដីរែងយករ៉ែត្បូងបានទេ លុះត្រាតែច្បាប់ចេញរួចរាល់ ទើបអាចធ្វើទៅបាន ។
លោកក៏បានពន្យល់បន្ថែមថា ពលរដ្ឋសុំច្បាប់ចាប់ពី សាលាសង្កាត់ សាលាក្រុង មន្ទីររ៉ែ និងថាមពល ទើបឈានដល់សាលាខេត្ត ក្រោយមកខាងលោកនឹងបញ្ជូនឯកសារទាំងនោះទៅក្រសួង ដើម្បីចេញលិខិតអនុញ្ញាតិ ទើបអាចធ្វើសកម្មភាពជីកយករ៉ែជាលក្ខណៈគ្រួសារ ។
ចំណែកពាក់ព័ន្ធទៅនឹងបញ្ហាការជីកយករ៉ែនៅតំបន់ខាងលើនេះ ខាងលោកនឹងចុះទៅហាមឃាត់ម្ចាស់មិនឱ្យបន្តធ្វើសកម្មភាពនោះទេ លុះត្រាតែច្បាប់នោះត្រូវបានអនុញ្ញាតរួចរាល់តាមបែបបទពីក្រសួងរ៉ែ និងថាមពល ។
លោកបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនខាងលោកបានដឹកនាំកម្លាំងចុះទៅបញ្ឈប់ស កម្មភាពនោះម្តងរួចទៅហើយ ។ តែក្រោយមកម្ចាស់គ្រឿងចក្រលួចនាំគ្នាបន្តជីកក កាយដដែលទៀត ៕
ដោយ ៖ រតនៈ




