ព្រៃវែង ៖ ក្រោយពីមានការព្រមានយ៉ាងខ្លាំងៗ ទៅលើមន្ត្រីនៃក្រសួងសាធារណៈការ ដែលបានឃុបឃិតគ្នា រវាងក្រុមឈ្មួញមួយក្ដាប់តូចដែលរកស៊ីបំផ្លាញផ្លូវសាធារណៈរបស់ជាតិយើងរាល់ថ្ងៃនេះ ដែលមានរថយន្តខ្នាតធំធុនយក្ស ដែលចរាចរនៅលើ
ផ្លូវនានា ក្នុងព្រះរាជាណាចក្រកម្ពុជាយើងសព្វថ្ងៃនេះ បានបែងចែកដាច់ស្រលះពីគ្នារវាងអ្នកមានលុយ មានបក្សពួកអែបអប ហើយមានខ្នងក្រាស់រកស៊ីដោយរលូនហើយ គ្មានបញ្ហាចាប់ពីលំដាប់ឧកញ៉ា និងអ្នកមានបណ្ដាស័ក្តិឡើងទៅ មិនដែលមានក្រសួង
ណាមួយហ៊ានក្អកឬព្រុះដាក់នោះទេ គឺក្រុមជញ្ជីងថ្លឹងទាំងនោះ លោកថ្លឹងតែអំណាច ថ្លឹងលុយ ចំណែកប្រជាពលរដ្ឋរកស៊ីទិញផលិតផល ក្នុងស្រុកដូចជាស្រូវ ដំឡូង។ល។ គ្នាដឹកលើសតិចតួច តាមដេញចាប់យកមកអនុវត្តតាមច្បាប់ ដើម្បីបំភាន់ភ្នែកថ្នាក់ជាតិ
បំពេញបំណងប្រមុខរាជរដ្ឋាភិបាល ។ ទង្វើទាំងអស់ខាងលើនេះបានកើតឡើងហូរហែររហូតមានការផ្ទុះរឿងរថយន្តធុនយក្សផ្ទុកអង្ករដល់ទៅ ៧០ T បណ្ដាលឲ្យមានការខូចខាតស្ពានអ្នកលឿង កាលពីថ្ងៃទី ២៣ រំលងអាធ្រាត នៅតែក្រសួងមួយនេះមិនទាន់យកចិត្តទុក្ខដាក់នៅឡើយ រហូតដល់មានការប្រកាសចាប់ខ្លួនពីសម្ដេចក្រឡាហោម ស ខេង និងការព្រមានដកតំណែងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបនាំគ្នាស្ទុះស្ទា ងើបឈរតំរង់ជួរគ្នា ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅតែមានមន្ត្រីខិលខូចមួយចំនួនកេងស៊ីឡាក់ នូវគំរូចាស់ដដែលៗ ។
ជាក់ស្ដែង ដូចជានៅថ្ងៃទី ២៧ កុម្ភៈ ២០១៦ មានរថយន្ដចំនួន ០៤ គ្រឿង ដែលគេសម្គាល់ថា ជារបស់យាយ ញ័ព្វ បានផ្ទុកលើស ចំនួនកំណត់រួច បានបើកគេចទៅលាក់ខ្លួន តាំងពីយប់ថ្ងៃទី ២៧ កុម្ភៈ ២០១៦ យប់រហូតដល់យប់ថ្ងៃទី ២៨ កុម្ភៈ ២០១៦ វេលាម៉ោង ០៨ : ០០នាទី ទើបរថយន្ដនេះ បើកចេញពីទីតាំងលាក់ខ្លួន ដែលស្ថិតនៅផ្លូវបំបែកត្រង់ផ្សារព្រៃព្នៅ ចុះតាមផ្លូវលំលេខ ១១៤ ដែលបំបែកពី ផ្លូវជាតិលេខ ៨A ចំងាយប្រហែល ៥០០ ម ដែលស្ថិតនៅក្នុងភូមិព្រៃព្នៅឃុំព្រៃព្នៅ ស្រុកពារាំងរួចពីកន្លែងលាក់ខ្លួនទៅជញ្ជីងប្រហែលជា ១៥០០ ម. តែប៉ុណ្ណោះ ។ ចំណែករថយន្តដឹកថ្ម ត្រូវបានបានក្រុមជញ្ជីងអនុវត្តច្បាប់បានល្អណាស់ ពីព្រោះជារថយន្តដែលរកស៊ីគ្មានអាជ្ញាប័ណ្ណ គ្មានខ្នង គ្មានអ្នកកាងពីក្រោយ ។ ពួកនេះមិនបណ្ដោយឲ្យរួចខ្លួននោះទេ នេះជាបរិបទសង្គមមួយបញ្ជាក់ឲ្យឃើញថា នៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីមួយនេះមិនទាន់មានតម្លាភាពនៅឡើយទេ ។ អ្នកមានបក្ខពួក អ្នកដែលបានបំរើការងារក្នុងក្រសួងស្ថាប័នរដ្ឋមានប្រាក់ខែតិចតួចណាស់ ហេតុអីក៏ស្ថាប័នរដ្ឋនិមួយៗមានទ្រព្យសម្បត្តិ យ៉ាងច្រើន រហូតដល់ដូររថយន្តតាមសេរីឆ្នាំ ដែលមានតំលៃរាប់សែនដុល្លាទៀតផង។ ហេតុដូចការជំរាបជួនខាងលើនេះ សូមឲ្យក្រសួងមានសម្ថកិច្ចចុះត្រួតពិនិត្យ កុំអាលដេកលក់អី ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ៕
ព័ត៌មាន ដើម្បីស្ថាបនា ថោង មុនី



