(ខេត្តកំពត)៖ លោកអភិបាលខេត្តកំពតបានជំរុញដល់អភិបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋភិបាលជាបន្ទាន់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទាក់ទងនឹងការងារនេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានស្នើដល់មន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្តអនុវត្តវិធានការសំខាន់ៗបីចំណុចផងដែរ។
បញ្ហានៃការរីករាតត្បាលឆ្លងនូវជំងឺកូវីដ១៩គឺជាបញ្ហាសកលដែលពិភពលោកក៏ដូចរាជរដ្ឋាភិបាលកម្ពុជាយើងបាននិងកំពុងយកចិត្តទុកដាក់ការបង្ការនិងការទប់ស្កាត់ដោយដាក់ចេញទាំងវិធានការ នៃការអប់រំផ្សព្វផ្សាយនិងណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។
ជាក់ស្ដែងដោយគោរព និងអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលផង និងដោយឃើញស្ថានភាពនៃចំនួនអ្នកផ្ទុកវិរុសកើនឡើងផង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំស្តីអំពីការដាក់វិធាន និងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩ នៅរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ បានស្នើឱ្យអនុវត្តវិធានការបីចំណុចសំខាន់ៗរួមមាន៖ ទី១ រដ្ឋបាលក្រុងស្រុក ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃការឆ្លងជំងឺកូវីត១៩ មានដូចជា ការបិទផ្អាកជាបណ្តោះអាសន្ន នូវកន្លែងមណ្ឌលកម្សាន្ត, KTV, ការជួបជុំ ឬប្រមូលផ្តុំមនុស្សច្រើន (រួមទាំងពិធីសាសនា), ការហាមឃាត់ប្រជាពលរដ្ឋកម្ពុជា និងវៀតណា ធ្វើចរាចរឆ្លងច្រកព្រំដែន និងពិនិត្យតាមដានសភាពការណ៍ផ្សេងៗទាក់ទងនឹងការឆ្លងជំងឺកូវីត១៩។ ទី២ លោកអភិបាលខេត្ត ស្នើរឱ្យមន្ទីរសុខាភិបាល មានវិធានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគជាបន្ទាន់ នៅតាមទីប្រជុំជន នៅតាមផ្សារ និងនៅតាមច្រកព្រំដែនជាដើម ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការបាញ់ថ្នាំសម្លាប់មេរោគនេះ ព្រោះវាអាចចូលរួមកាត់បន្ថយអត្រានៃការឆ្លង និងទី៣. ស្នើរសុំឱ្យគណៈកម្មការខេត្តដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវសហការបង្កើតជាគ្រុបតេឡេក្រាមមួយជាបន្ទាន់ នៅពេលមានការងារចាំបាច់ គឺគណៈកម្មការខេត្តអាចធ្វើការប្រជុំតាមរយៈគ្រុបនេះផ្ទាល់តែម្តង។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម ហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើចរាចរឆ្លងកាត់ព្រំដែនក៏ពិតមែន ប៉ុន្តែបើតាមការលើកឡើងរបស់មន្ត្រីគយ ក្រោយពេលជួបពិភាក្សាសម្របសម្រួលគ្នារវាងមន្ត្រីជំនាញនៅតាមច្រកទ្វារទ្វេរភាគី និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក រួចមកបានសម្រេចអនុញ្ញាតឲ្យចរាចរទំនិញឆ្លងកាត់តាមធម្មតាវិញ ដោយភាគីទាំងពីរត្រូវផ្ទេរផ្ទូរទំនិញនៅចំណុច “ស” បង្គោលព្រំដែនលេខ ៣១៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរ៕ សេង ណារិទ្ធ









