ខេត្តសៀមរាប ៖ ផ្លូវបេតុងខាងកើត ផ្សារសម្តេចតេជោ ហ៊ុន សែន ៖ ដើមក្រឡាញ់ ពលរដ្ឋចេញថវិកាយក ផ្លូវ សាធារណៈធ្វើអាជីវកម្ម លក់ដូរ ដែលបានបង្កឲ្យមានការកកស្ទះនិងអនាធិបតេយ្យ។ ពលរដ្ឋមួយចំនួនធំ បានលើកឡើងថា ផ្លូវសាធារណៈមួយខ្សែនេះ មានក្លិនស្អុយឆ្អាបដើរកាត់សឹងតែមិនចង់បានផង ដោយឡែកអាជ្ញាធរក្រុងមិនដែលយកចិត្តទុកដាក់ ចុះមករៀបចំសណ្ដាប់ធ្នាប់ សាធារណៈអោយបានស្អាតនៅឡើយទេ។
ប្រធានផ្សារ លោក សុខ តុញ បានប្រាប់ បណ្តាញព័ត៍មាន តាមទូរសព្ទ័កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៩ កន្លងមកនេះថា អាជីវករលក់ដូរនៅតាមផ្លូវបេតុងសាធារណៈខាងកើត ជាប់និងផ្សារសម្តេច តេជោ ហ៊ុន សែន ដើមក្រឡាញ់ស្ថិត នៅ ភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុងនិងខេត្តសៀមរាប នោះលោកមិនដែលបានទៅដើរយកភាស៊ីពីក្រុមអាជីវករលក់ដូរទាំងនោះបានសូម្បីតែមួយរៀលលុយខ្មែរនោះទេ ប្រសិនបើចង់ដឹងរឿងខាងលើនេះច្បាស់នោះសួរទៅអាជ្ញាធរសណ្ដាប់ធ្នាប់ក្រុងទៅ។
លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ប្រាប់ ឲ្យដឹងកាលពីព្រឹកថ្ងៃទី ២៦ នោះផងដែរថា ផ្សារគេបង្កើតគណៈកម្មការរៀបចំបោះឆ្នោត ជ្រើសរើស ដោយអាជីវករហេតុអីឆ្លើយថាមិនយកភាស៊ី ចុះអ្នកណាទៅយកវិញ? រដ្ឋបាលក្រុង ចូលរួមថែរក្សាសណ្ដាប់ធ្នាប់សម្អាតបរិស្ថាន តែប៉ុណ្ណោះលើសពីនោះ សួរទៅប្រធានផ្សារម្ដងទៀតទៅ។
បងប្អូនអាជីវករលក់ដូរបាននិយាយចំៗថា ភាគច្រើនគេយកលេសឆ្លើយដាក់គ្នាតែប៉ុណ្ណោះ ធាតុពិតអាជីវករទាំងអស់នេះលក់ដូរមិនបានប៉ុន្មាននោះទេ បានមកបង់ឱ្យតែថ្លៃភាស៊ី ទូទាត់ទៅសល់បានតិចតួចសម្រាប់ចិញ្ចឹមជីវិត រាល់ថ្ងៃ។ ពលរដ្ឋនៅក្បែរនោះលើកឡើងបន្តទៀតថាប្រធានផ្សារនិងអាជ្ញាធរ ក្រុង អសមត្ថភាពក្នុងការ គ្រប់គ្រងផ្សារទេដឹងបានជាបណ្ដែតបណ្ដោយឱ្យមានភាពអធិបតេយ្យ បំពុលសណ្ដាប់ធ្នាប់សាធារណៈបែបនេះ។
ប្រជាពលរដ្ឋបន្តសំណូមពរឲ្យ លោក នួន ពុទ្ធារ៉ាអភិបាលក្រុងសៀមរាប កុំអង្គុយបាំងដៃមើលបន្តទៀតអី ជួយមានវិធានការថែរក្សាសណ្ដាប់ធ្នាប់បរិវេណនៅក្បែរផ្សារដើមក្រឡាញ់នេះផងជៀសវាងបង្កឲ្យមានភាព អនាធិបតេយ្យបន្តទៀត ៕





