(ខេត្តកំពត)៖ នៅក្នុងឱកាសនៃពិធីអបអរការឆ្លងឆ្នាំសកល ឆ្នាំ២០១៩ឈានចូលឆ្នាំ២០២០ខាងមុខនេះ ហើយដើម្បីជាការលើកទឹកចិត្ត ដល់មន្ត្រីរាជការ ក្រោមឱវាទ បម្រើការងារក្នុងវិស័យព័ត៌មានឲ្យបានកាន់តែ សកម្ម ខ្លាំងក្លាប្រកបដោយ ប្រសិទ្ធភាព គុណភាព ថែមទៀត ស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន គឺ “លឿន ប្លែកទុកចិត្តបាន នៅទីណាពេលណាក៏បាន” មន្ទីរព័ត៌មានខេត្តកំពតនាល្ងាចថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៩ ថ្នាក់ដឹកនាំ រួមនឹងមន្ត្រីរាជការក្រោមឱវាទ បានជួបជុំគ្នារៀបចំនូវ កម្មវិធីពិសារអាហារសាមគ្គីមួយ ក្រោមបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែងដែលមានវត្តមានលោក អោក សំណាង ប្រធានមន្ទីរព័ត៌មានខេត្តបានអញ្ជើញចូលរួមប្រកបដោយភាពស្និទ្ធស្នាល។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំទាំងការឆ្លងឆ្នាំសកល ឆ្លងឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចក្រោយពេល ការបញ្ចប់ ភារកិច្ចបំពេញការងារ ក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់រដ្ឋបាលខេត្ត ។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តកំពត តែងតែបានរៀបចំ កម្មវិធីការជួបជុំ ពិសារអាហារសាមគ្គីនិងច្រៀងរាំកំសាន្តសប្បាយៗប្រកបដោយភាពស្និទ្ធស្នាលគឺ ក្នុងគោលបំណង ដើម្បីជាការលើកទឹកចិត្តជូនដល់មន្ត្រី ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ចលើវិស័យព័ត៌មាន ក្នុងការបម្រើ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យរដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត រួមនឹងសកម្មភាពនានាក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្តផងដែរ។
ពិសេសការជួបជុំរៀបចំ វិធីពិសារអាហារសាមគ្គីនាពេលនេះបើទោះបីមិនមានភាពសម្បូរបែបក្ដី នេះគឺជាការស្ដែងចេញឱ្យឃើញពីការសាមគ្គីភាពផ្ទៃក្នុងបានល្អ ប្រកបដោយការគោរពស្រលាញ់ និងការយកចិត្តទុកដាក់ ក្នុងការផ្ដល់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំមន្ទីរ ចំពោះមន្ត្រីក្រោមឱវាទ ដើម្បីរួមគ្នា បន្តជំរុញអនុវត្តនូវកម្មវិធីផែនការក្នុងក្របខណ្ឌវិស័យព័ត៌មានឲ្យបានកាន់តែមានប្រសិទ្ធភាពគុណភាពខ្ពស់ថែមទៀតផងដែរ៕សេង ណារិទ្ធ






