(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យ និងរុះរើស្ពានឈើ នៅឃុំស្ទឹងកែវ ដែលបានសាងសង់ជាបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ដើម្បីប្រគល់ដល់រដ្ឋបាលស្រុកឈូក យកទៅកសាងឡើងវិញ សម្រាប់សម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរនៅ ក្នុងមូលដ្ឋានឃុំចំនួន២ ក្នុងស្រុកឈូក ខេត្តកំពត។
ពិធីនេះក៏មានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សរុបប្រមាណជាង១០០នាក់។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បន្តពីស្ពានបេតុងដ៏ថ្មីសន្លាងនេះសាងសង់រួចរាល់ជាស្ថាពរ ព្រមទាំងបានមើលឃើញពីគុណភាព នៃតម្លៃឈើស្ពាននេះនៅប្រើប្រាស់បាននៅឡើយ ហើយផ្អែកតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងស្រុកឈូក នៅពេលនេះ ស្ពានឈើដែលជំនួសដោយស្ពានបេតុងដ៏ថ្មីសន្លាងនោះ គឺត្រូវបានប្រគល់ឱ្យរដ្ឋបាលស្រុកឈូ ដើម្បីយកទៅកសាងសម្រាប់សម្រួលដល់ការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋចំនួន៣ទីតាំងលេីឃុំ ចំនួន២ គឺទី១-ឃុំតាកែន នៅចំណុចអូរកាច់ចង្កេះ ក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ប្រវែង២៥ម៉ែត្រតំរូវការប្រជាជនប្រមាណ ១០០គ្រួសារ។ ទី២-ឃុំតេជោអភិវឌ្ឍន៏ នៅចំណុចស្ទឹងអង្កាញ់ ក្នុងភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៏ ប្រវែង២០ម៉ែត្រ តំរូវការប្រជាជនប្រមាណជា៥០០គ្រួសារ លេីភូមិចំនួន៤។
៣-នៅចំនុចអូរសំបុកឪម៉ាល់ ក្នុងភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៏ ប្រវែង២៥ម៉ែត្រ តម្រូវការប្រជាជនប្រមាណជា១០០គ្រួសា រ។
លោក ជាវ តាយ អភិបាលខេត្តក៏បានផ្ដាំផ្ញើសំណូមពរដល់អាជ្ញាធរមូលដ្ឋានរួមនិងប្រជាពលរដ្ឋនាំគ្នាជំរុញការដាំដុះព្រមទាំងចិញ្ចឹមសត្វដើម្បីរួមផ្សំធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង។ ចំណែកការដោះស្រាយបញ្ហាផលប៉ះពាល់ជូន ចំពោះប្រជាពលរដ្ឋមួយគ្រួសារពីការកសាងស្ពានថ្មីស្ទឹងកែវនេះ លោកអភិបាលខេត្ត ក៏បានប្រគល់ភារកិច្ចឲ្យអាជ្ញាធរស្រុក ឃុំ ធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
គួររំលឹកដែរថា កាលដើមឡើយស្ពានឆ្លងកាត់ស្ទឹងកែវនេះ គឺធ្វើពីឈើ ហើយក៏មានការវាយប្រហារបំផ្លាញដោយទឹកជំនន់នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។ ដោយមាន ចាំបាច់និងយកចិត្តទុកដាក់ខ្ពស់រាល់បញ្ហាលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងមើលឃើញពី សារៈសំខាន់នៃស្ពាននេះ លោក ជាវ តាយ អភិបាលខេត្តក៏បានបន្តកសាងស្ពានឈើថ្មីមួយឡើងវិញដែលជាអំណោយ ដ៏ថ្លៃថ្លាប្រើប្រាស់ថវិការបស់សម្ដេចតេជោហ៊ុនសែនដែលមានប្រវែង៨៥ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលឆ្លងកាត់របស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន។
បន្ទាប់មកទៀត លោកអភិបាលខេត្តកំពត ក៏បានដាក់សំណើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រហូតទទួលបាន ជំនួសនូវសមិទ្ធផលស្ពានថ្មីសន្លាងធ្វើពីបេតុងដែលមានប្រវែង១០៥ ម៉ែត្រទទឹង៨ម៉ែត្របម្រើនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចសាធារណជនទូទៅ សំដែងក្តីត្រេកអរ និងការដឹងគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអនុវត្តខ្ជាប់ខ្ជួននិងប្រកាន់នូវគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ គឺផ្ដោត ជាអាទិភាពសំខាន់ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស៕ សេង ណារិទ្ធ









