(ខេត្តកំពត)÷ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង សហការជាមួយរដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ខេត្តកំពត ដើម្បីដំណើរការផលិតជាផ្លូវការ។
ពិធីដ៏អធិកអធមនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតប្រមាណជិត ៩.០០០នាក់។
ជាមួយសមិទ្ធផលដ៏ថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានរបស់រោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ នាដំណាក់កាលដែលវិស័យសំណង់កំពុងរីកលូតលាស់ខ្លាំង កម្ពុជាមានតម្រូវការស៊ីម៉ងត៍រហូតរាប់លានតោនក្នុងមួយឆ្នាំៗដើម្បីបម្រើដល់ការសាងសង់សំណង់ផ្សេងៗ។ម្ល៉ោះហើយរោងចក្រស៊ីម៉ងត៍ថ្មីមួយនេះនឹងជួយកាត់បន្ថយការខ្វះខាតដែលកន្លងមកកម្ពុជាមានការនាំចូលពីក្រៅបន្ថែមនោះ។
សម្តេចនាយករដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានបង្កើតរោងចក្រដែលផ្តោតជាសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ការងារជូនកូនចៅប្រជាពលរដ្ឋជាដើម។
លើសពីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកំពតដែលមានកិច្ចសហការល្អជាមួយអ្នកវិយោគក្នុងការបង្កើតសមិទ្ធផលដ៏ធំធេងរហូតលេចចេញជារូបរាង ហើយឈានទៅសម្ពោធជាផ្លូវការនាពេលនេះ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា រោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុងជារោងចក្រទី៥ ដែលបានកើតឡើងក្នុងទឹកដីភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតលើទំហំផ្ទៃដីសរុប៦៧៨,៤០ហិកតា។ រោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ង់ត៍ប្រមាណ២.៥០០តោនក្នុងមួយថ្ងៃ ពោលគឺស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ៕ សេង ណារិទ្ធ




















