(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត រួមនឹងថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្នុងខេត្ត បានទទួលស្វាគមន៍គណៈប្រតិភូ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយ លោក សុខ ឥសាន ប្រធានគណៈកម្មការ។
នៅក្នុងជំនួបខាងលើ លោក ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពត បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំ។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍ ឲ្យដឹងផងដែរអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗ ពាក់ព័ន្ធលើវិស័យខ្លួន រួមមានការងារមហាផ្ទៃ ការងារការពារជាតិ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងការងារមុខងារសាធារណៈ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិជូនគណៈប្រតិភូ ផងដែរ។
លោក សុខ ឥសាន ប្រធានប្រតិភូ បានឲ្យដឹងថា គណៈកម្មការនៅក្នុងព្រឹទ្ធសភាមានចំនួន១០ ដោយឡែកគណៈកម្មការទី៤ នៃព្រឹទ្ធសភាដែលបានចុះមកបំពេញបេសកកម្ម ក្នុងខេត្តកំពតពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ ជាមួយអាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុកនិង មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពតស្ដីពីកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាមន្ទីរអង្គភាពជំនាញ បានរួមគ្នាខិតខំជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងដំណើរការជំរុញល្បឿន នៃកិច្ចអភិវឌ្ឃន៍ខេត្តមានការរីកចម្រើន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក សុខ ឥសាន ប្រធានគណៈប្រតិភូ ក៏បានសំណូមពរផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមជំរុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀត ពិសេសការចូលរួមជំរុញការងារប្រតិបត្តិច្បាប់ ឲ្យបានកាន់តែប្រសើរឡើង៕ សេង ណារិទ្ធ








