(ខេត្តកែប)៖ គម្រោងសាងសង់ផ្សាររាត្រីស្ថិតក្នុងរមណីយដ្ឋានឆ្នេរកែបនឹងចាប់ផ្តើមបញ្ចេញរូបរាងនៅពេលខាងមុខនេះហើយ។
នេះបើយោងតាមការបញ្ជាក់អះអាងពី លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានលើកឡើងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។
លោកប្រធានបានបញ្ជាក់ផងដែរថា ដោយផ្អែកតាមសំណើរសុំដាក់ទុនវិនិយោគលើទីតាំងផ្សាររាត្រី ស្ថិតចំណុចក្បែរផ្សារក្តាម នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងអនុលោមតាមចរាចរណែនាំលេខ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើមូលដ្ឋានវាយតម្លៃរបស់គណៈកម្មការចម្រុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមសម្រេចផ្នែកហិរញ្ញវត្ថុនៃគម្រោងសាងសង់នេះ ដោយចំណាយដើមទន់វិនិយោគចំនួន ៦៩៦.៥៥២ដុល្លារ អាមេរិក សម្រាប់សាងសង់ផ្សារ ចំណតជលយានទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត។
លើសពីនេះ រដ្ឋបាលខេត្តត្រូវបន្តនីតិវិធីដូចមានចែងតាមចរាចរណែនាំខាងលើ ព្រមទាំងទទួលខុសត្រូវរាល់បាតុភាពដែលកើតមានឡើងជាយថាហេតុចំពោះគម្រោងនេះផងដែរ។
បន្ទាប់ពីមានគម្រោងបង្កើតឲ្យមានផ្សាររាត្រីនៅតំបន់ទេសចរណ៍ឆ្នេរកែប មហាជនបានសម្តែងការរីករាយ ដោយពួកគាត់បានលើកឡើងផងដែរថា ពេលណាខេត្តកែបមានបង្កើតផ្សាររាត្រី ពិតជាផ្នែកមួយជួយបង្កើនសោភ័ណភាពខេត្តទេសចរណ៍បន្ថែមមួយកម្រិតទៀត ដើម្បីទាក់ទាញក្រុមអ្នកទេសចរណ៍ចូលមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើងៗ។
យ៉ាងណាមិញ ការបង្កើតឲ្យមានផ្សារាត្រីនៅខេត្តកែបក្រៅពីបង្កើនភាពទាក់ទាញលើផ្នែកទេសចរណ៍កាន់តែមាននិរន្តរភាព នេះក៏អាចចាត់ទុកជាសមិទ្ធផលថ្មីសន្លាងមួយរបស់ខេត្តកែបផងដែរ។
មហាជនបានរំពឹងទុកថា បន្ទាប់ពីមានការសាងសង់ផ្សាររាត្រីនៅខេត្តកែប ភ្ញៀវទេសចរណ៍នឹងសម្រុកមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើងដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនេះ ពិសេសបានភ្លក្សរសជាតិអាហារគ្រឿងសមុទ្រយ៉ាងឆ្ងាញ់ពិសារ ដែលអ្នកផងទាំងពួងនិយមចូលចិត្តទៀតផង។
សូមបញ្ជាក់ថា៖ គម្រោងសាងសង់ផ្សាររាត្រីនៅខេត្តកែប គឺជាគម្រោងមួយដែលរដ្ឋបាលខេត្តកែប បានដាក់សំណើជូនមន្ត្រីជំនាញក្រសួងហិរញ្ញវត្ថុ ចូលរួមវាយតម្លៃលើផ្នែកហិរញ្ញវត្ថុនៃគម្រោងដាក់ទុនវិនិយោគលើទីតាំងផ្សារាត្រី ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមលិខិតលេខ ១៣៤២ សហវ.អទច ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ សេង ណារិទ្ធ











