បើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់បណ្តាញពត៌មានថាសមត្ថកិច្ចជំនាញកំពុងតែរៀបចំនីតិវិធីបញ្ជូនទូកុងតឺន័រ ដែលផ្ទុកសំណល់សំរាមចំនួន ៨៣ កុងតឺន័រនោះ ទៅកាន់ប្រទេសដើមវិញ។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បង្ហាញពីប្រភពដែលនាំចូលសំរាមថង់ផ្លាស្ទិកទាំងនោះនៅឡើយ។ ហើយក៏មិនទាន់បង្ហាញពីអ្នកទទួលខុសត្រូវ ដែលអនុញ្ញាតឲ្យនាំសម្រាមចូល ដោយគ្រាន់តែបញ្ជាក់ថា នឹងធ្វើការផាកពិន័យដល់ក្រុមហ៊ុន ដែលនាំចូលសំរាមនេះទៅតាមច្បាប់របស់កម្ពុជា។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា សមត្ថកិច្ចពាក់ព័ន្ធកំពុងតែបើកការស៊ើបអង្កេតស៊ីជម្រៅដើម្បីស្វែងរកប្រភពនិងឫសគល់ដែលនាំឲ្យមានការនាំចូលសំណល់សំរាមចំនួន៨៣កុងតឺន័រចូលមកកម្ពុជា។ ចំណែកឈ្មោះប្រទេសនិងក្រុមហ៊ុនដែលឃុបឃិតឲ្យនាំចូលសំរាមទាំងនេះ លោកនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។ ប៉ុន្តែ លោក នេត្រ ភក្ត្រា អះអាងថា អាជ្ញាធរកម្ពុជា នឹងពិន័យតាមច្បាប់ ចំពោះក្រុមហ៊ុនដែលនាំសំរាមមកកម្ពុជានេះ មុននឹងបញ្ជូនសំរាមទាំងនេះ ទៅប្រទេសដើមវិញ។តាមលោក នេត្រ ភក្ត្រា សំរាមចំនួន៨៣ទូកុងតឺន័រ ដែលចាប់បាននៅកំពង់ផែក្រុងព្រះសីហនុនោះ គឺជាប្រភេទថង់ផ្លាស្ទិក។ ថង់ផ្លាស្ទិកប្រសិនគេយកវាទៅដុតចោលនឹងធ្វើមានផ្សេងពុលប៉ះពាល់ដល់បរិស្ថាន ហើយប្រសិនបើយកវាទៅកប់ចោលនឹងធ្វើប៉ះពាល់គុណភាពដី និងទឹក។ នេះជាការពន្យល់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា កាកសំណល់ផ្លាស្ទិកគឺជាមុខទំនិញហាមចូលកម្ពុជា ។ប៉ុន្តែកម្ពុជាលើកទឹកចិត្តឲ្យមានការកែច្នៃកាកសំណល់ផ្លាស្ទិកដែលប្រើប្រាស់នៅក្នុងស្រុក។
កាលពីខែឧសភា ប្រទេសជាង ១៨០ បានព្រមព្រៀងគ្នាធ្វើវិសោធនកម្ម យន្តការច្បាប់ដើម្បីចាត់ចែងសំរាមប្លាស្ទិក។ ចិនដែលគេ ធ្លាប់ស្គាល់ថា ជាទិសដៅនាំចូលសំរាមបា្លស្ទិកសម្រាប់កែច្នៃឡើងវិញ លំដាប់លេខមួយ បានបញ្ឈប់ការនាំចូលសំរាមប្លាស្ទិក តាំងពីដើមឆ្នាំ២០១៨ ហើយពេលនេះ សំរាមប្លាស្ទិករបស់ប្រទេសជឿនលឿន (អាមេរិក និងកាណាដា ជាដើម) បានតម្រង់ទិសមកអាស៊ីអាគ្នេយ៍ ជាពិសេសម៉ាឡេស៊ី។ សម្រាប់កម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០១៥ ក៏ចាប់បានសំរាមកន្ទុយបារី៨០តោន ដែលនាំចូលដោយក្រុមហ៊ុន ប៉ែន លឹម ក្រោមលេសយកមកធ្វើជីកសិកម្ម ។ ចំណែកការចាប់បានសំរាមថង់ផ្លាស្ទិកចំនួន៨៣ទូកុងតឺន័រកាលពីថ្ងៃទី១៦ខែកក្កដានេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយប្រមុខរដ្ឋាភិបាលបានថ្លែងថា រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា ជាដាច់ខាត។ អ្វីជាការកត់សំគាល់ នៅតាមបណ្តាញសង្គមហ្វេសប៊ុកវិញ គឺមានការរិះគន់ជាច្រើនចំពោះការនាំចូលសំរាមមកចាក់ចោលនៅកម្ពុជានេះ ដោយចោទជាសំណួរថា តើកម្ពុជាជាធុងសំរាមឬ ហើយស្ថាប័នណា ឬសមត្ថកិច្ចណាជាអ្នកទទួលខុសត្រូវ?៕
ដោយ ៖ សហការី



