ក្នុងនាមពុទ្ធសាសនិកជនមួយរួប ទោះបីជាមានភារកិច្ចដ៏មមាញឹកក្នុងការបម្រើការងារជូនវិស័យអាណាចក្រ ក៏លោកឆ្លៀតពេលគិតគូ យកចិត្តទុកដាក់ គោរពប្រណិប័តន៍ប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងខ្ជាប់ខ្ជួនផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា ព្រមទាំងសមាជិកក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ស្រុកទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទនាំយកបច្ច័យ ទេយ្យទាន ទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារ មកប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ១១វត្ត ក្នុងឃុំចំនួន ៤ ក្នុងស្រុកកំពង់សៀម។
ឆ្លៀតយកឱកាសនេះ លោកក៏មានបំណងចុះទៅពិនិត្យ និងតាមដានសកម្មភាពអនុវត្តគោល នយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មផងដែរ និងជាពិសេសដើម្បីស្តាប់ និងទទួលយកសំណូមពរ ឬបញ្ហារបស់បងប្អូនប្រជាពលរដ្ឋមកធ្វើការដោះស្រាយជាបណ្តើរៗបំណងជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងសេចក្តីសុខ ចម្រើនរបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។
បន្ទាប់ពីព្រះសង្ឃសម្តែងធម៌ទេសនា មនស្ការព្រះរតនត្រ័យរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវេរប្រគេនទេយ្យទាន ទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃ ហើយបន្តធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងជាពិសេសប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំទាំង ៤ និងសូមជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្នា។
បន្ទាប់មក លោកបានលើកយកដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិយើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយចាប់ផ្តើមតាំងពីបាតដៃទទេក្រោយថ្ងៃរំដោះ៧ មករា រហូតមកទល់ពេលបច្ចុប្បន្នដែលប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានឈ្មោះបោះសំឡេងទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ការរីកចម្រើនលើវិស័យកសិកម្ម ការអប់រំសិក្សាធិការ សុខា ភិបាល សេវាសាធារណ: ទេសចរណ៍ វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប្រៀបបានសរសៃឈាមរបស់សង្គមសម្រាប់លំហូរកសិផល និងទេសចរណ៍ ដែលវាជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព។
តាមរយ:កំណើននេះ ធ្វើឲ្យឈ្មោះប្រទេសយើងត្រូវបានលុបចេញពីបញ្ជីថាជាប្រទេសក្រីក្រ ហើយសរសេរមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបវិញ។ ទោះជាយ៉ាងនេះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី នៅតែចិញ្ចឹមចិត្តមានមហិច្ឆិតាចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។ មហិច្ឆិតានេះ អាចសម្រេចទៅបាន ដ៏រាបណាប្រទេសយើងមានសុខន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ចពេញលេញទូទាំងផ្ទៃប្រទេស។ ហេតុដូច្នេះហើយ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងទូទាំងស្រុកកំពង់សៀមសូមបន្តថែរក្សាសមិទ្ធផលដ៏មានតម្លៃរបស់ជាតិយើង និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឲ្យបានឋិតថេរគង់វង្សតរៀងទៅ។
ក្នុងនាមក្រុមការងារថ្នាក់កណ្តាល និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមប្រធាន និងលោកជំទាវ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម និងជាពិសេសបានបរិច្ចាគថវិកាជូនក្រុមការងារយកមកប្រើប្រាស់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា។
លោកបានបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចទាំងទ្វេ សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។ លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាវត្តទាំង ១១ ក្នុងឃុំទាំង៤ គឺឃុំក្រឡាមាន ៣វត្ត (វត្តអង្គួញដី វត្តពុទ្ធិការាម និងវត្តភ្នំប្រុស) ឃុំវិហារធំមាន ៤វត្ត (វត្តអណ្តូងស្វាយ វត្តក្តីបឹង វត្តវិហារធំ និងវត្តគងមហា) ឃុំហាន់ជ័យមាន ៣វត្ត (វត្តហាន់ជ័យ វត្តមាន់ហើរ និងវត្តក្រូចសើច) និងឃុំគគីមាន ១វត្ត (វត្តគគរ) ដោយយកវត្តសុវណ្ណគិរីរតនភ្នំប្រុសជាកន្លែងប្រារព្វពិធី។
វត្តនីមួយៗក្រៅពីទទួលបានទៀនវស្សា ០១គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យ និងសម្ភារផ្សេងៗទៀត ក៏ទទួលបានថវិកាចំនួន ១ លានរៀនស្នើៗគ្នា។ ដោយឡែក ពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមចំនួន ២០០នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕






