(ខេត្តកំពត)៖ នៅរសៀល ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងសរសៃដែក ប្រវែង១.០៩១ម៉ែត្រ ទទឹង ១១.២ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
បានអញ្ជើញចូលរួមក្នុងពិធីនេះមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋក្នុងក្រុងកំពត សិស្ស និសិត្យសរុបប្រមាណ ៧០០នាក់។
នាឱកាសដ៏ថ្លៃថ្លានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណ្ឌភាពក្នុងក្រុងយើងផងដែរ។
ព្រមជាមួយ លោកអភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងកំពតសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង៥ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនេះដែរ លោកក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវធានាឲ្យបានតាមបទដ្ឋានបច្ចេកទេស និងស្តង់ដា ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឲ្យបានហ្មត់ចត់បំផុត។
សូមជម្រាបថា៖ តាមរបាយការណ៍របស់លោក លាង រឿនសុធី អភិបាលក្រុងកំពត បានឲ្យដឹងថា ផ្លូវលេខ៧៣៥ដែលកំពុងរងការខូចខាតទាំងស្រុង តម្រូវឲ្យមានការសាងសង់និងស្តារឡើងវិញនេះ គឺត្រូវចំណាយថវិកាអស់ច្រើនណាស់ ដូច្នេះការសាងសង់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវដោយសាងសង់ជាបេតុងអាមេ មានប្រវែង១.០៩១ម៉ែត្រ ទទឹង១១,២ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពត៕ សេង ណារិទ្ធ








