ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន បានសម្តែងនូវក្តីសប្បាយរីករាយចំពោះវឌ្ឍនភាពរបស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ កំពុងមានការរីកចំរើនគួរឲ្យកត់សំគាល់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ក្នុងខណ:អញ្ជើញជាអធិបតីជាមួយលោកជំទាវ ម៉ក់ ស៊ីថា និងសហការី ក្នុងពិធីប្រគេនទេយ្យទាន ស្លាដក់ ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្រក ឃុំអូរស្វាយ ជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង ០៧ នៃឃុំទាំងពីរក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។
បន្ទាប់បានប្រគេនទេយ្យទានជូនព្រះសង្ឃរួចមក ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទដោយបានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចប្រធានរដ្ឋ សភា និងសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមកជូនប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំអូរស្វាយ និងឃុំស្រកប្រមាណ ៣០០នាក់។
ក្នុងឱកាសនេះ លោកបានលើកឡើងថាការរីក ចម្រើនលើវិស័យពុទ្ធចក្រ និងអាណាចក្រគឺត្រូវពឹងផ្អែកទាំងស្រុងលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច សុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិទាំងមូលជាចម្បង ជាក់ស្តែងថ្ងៃនេះយើងទាំងអស់គ្នាបានមកធ្វើបុណ្យហែរទៀនព្រះវស្សាប្រកបដោយទឹកចិត្តសប្បាយរីករាយ។ លោកបានថ្លែងបញ្ជាក់ទៀតថា ប្រទេសជាតិមានសុខសន្តិភាព គឺមិនអាចខ្វះបាននូវធនធានមនុស្សដែលពោរពេញទៅដោយចិត្តធម៌សប្បុរស យោគយល់អធ្យាស្រ័យ អហិង្សា សីលធម៌ល្អ សុជីវធម៌ ចិត្តសទ្ធាជ្រះថ្លា ហើយកត្តាទាំងអស់នេះគឺជាគ្រឹះសុខស្ងប់ និងខន្តីក្នុងផ្លូវចិត្តដែលមានឥទ្ធិពលគ្របដណ្តប់លើសង្គមជាតិខ្មែរទាំងមូលនាពេលបច្ចុប្បន្ននេះ ដែលជាប្រទេសគោរពព្រះពុទ្ធសាសនា។
ហេតុដូច្នេះហើយ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជាពិសេសទូទាំងស្រុកកំពង់សៀមសូមមេត្តាបន្តគាំទ្រ ថែរក្សា និងលើកតម្កើងនូវប្រពៃណី វប្បធម៌ និងសាសនា របស់ជាតិយើងឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងជាពិសេសនាំគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយគង់វង្សយូអង្វែងតរៀងទៅ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ជខ្មែរត្រូវតែគោរពបូជាព្រះពុទ្ធសាសនា និងមានជំនឿលើខ្លួនឯង លើរាជរដ្ឋាភិបាលភិបាល និងលើគោល នយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាជាកំលាំងរុញច្រាននាវាកម្ពុជាឲ្យឆ្ពោះទៅកាន់ត្រើយសុភមង្គល សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្តទៀតដើម្បីកិត្តិយសជាតិយើង។
ថ្ងៃនេះវត្តទាំង០៧ នៃឃុំទាំងពីរគឺឃុំស្រកមាន ០៤វត្ត និងឃុំអូរស្វាយមាន ០៣វត្ត ដែលទទួលបានទេយ្យទៀន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ឆ័យរួមមាន÷ វត្តឧទ្យានកែវល្ពាក វត្តទួលរកា វត្តស្រក វត្តភ្នំក្រហម វត្តខែជ័យ វត្តព្រៃចក្រៃ និងវត្តតាមុល ដោយវត្តនីមួយៗទទួលបានទៀនវស្សា ០១គូ ទេយ្យទាន ស្លាដក់ គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ១លានរៀលស្នើៗគ្នា។ ដោយឡែក វត្តឧទ្យានកែវល្ពាក ដែលជាកន្លែងប្រារព្វពិធី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយ: ឯកឧត្តមប្រធានក្រុមការងារជួយឧបត្ថម្ភថវិកាចំនួន ២០លានរៀលបន្ថែមទៀតសម្រាប់យកទៅកសាងដំបូលសាលាឆ័ន្ទ។ ចំពោះពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមម្នាក់ទទួលបានថវិការ ២ម៉ឺនរៀលផងដែរ។
ក្នុងនាមក្រុុមការងារថ្នាក់កណ្តាល និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមប្រធាន និងលោកជំទាវ បានឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់ឧបការីជន ជីដូន ជីតាដែលបាមចែកឋាន និង បុព្វបុរសដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ និងបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចឲ្យមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរដើម្បីដឹកនាំកម្ពុជាតរៀងទៅ។ លោកក៏បានថ្លែងអំណរគុណជូនចំពោះប្រធាន អនុប្រធាន សមាជិកក្រុមការងារ សប្បុរសជន និងពុទ្ធ បរិស័ទនៅទីជិតឆ្ងាយទាំងអស់ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។






