(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃសៅរ៍១២កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានធ្វើពិធីប្រគេនទេយ្យវត្ថុនិងទៀនព្រះវស្សាដល់ព្រះសង្ឃ គង់ចាំព្រះវស្សាដែលបាននិមន្តមកពីវត្តនានាទូទាំងខេត្តកំពត ចំនួន២៦៨វត្ត។
ពិធីនេះបានប្រារព្ធឡើងនៅក្នុងសាលសន្និសីទខេត្តកំពត ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្តនិងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ប៉ែន ស៉ីម៉នអ្នកតំណាងរាស្ត្រមណ្ឌលកំពតនិងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក-លោកស្រី ជាសាជិកសមាជិកា ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តក្រុងស្រុកនិងមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត យាយជី តាជី ប្រជាពុទ្ធបរិស័ទនិង សិស្សនិស្សិតប្រមាណ១៤៣៣អង្គ-នាក់។
មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិតប៉ែន ស៉ីម៉ន បានថ្លែងការកោតសរសើរចំពោះ រដ្ឋបាលខេត្តកំពត ពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្តរួមពុទ្ធបរិស័ទសប្បុរសជន ដែលបានរួមគ្នាផ្ដើមធ្វើនូវកម្មពិធីនាពេលនេះឡើង ដោយខណៈនេះលោកបានចាត់ទុកនេះគឺជាបុណ្យកុសលដែលពុទ្ធបរិស័ទខែ្មរយើងតែងមានជំនឿនិងធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដ៏រុងរឿងនៃយើងជារៀងរាល់ឆ្នាំពុំដែលអាក់ខាន ដើម្បីជួយផ្គត់ផ្គង់សម្រាលការលំបាកដល់ជីវភាពរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេល៣ខែតាមពុទ្ធបញ្ញត្តិ។
លោកបណ្ឌិតប៉ែន ស៉ីម៉ន ក៏បានមានប្រសាសន៍បន្តលើកឡើងទៀតថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងក្រោមការដឹកនាំលើផ្លូវត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុនសែន វិស័យពុទ្ធចក្រមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ហើយវិស័យពុទ្ធចក្រនេះរុងរឿងទៅបានដោយសារវិស័យអាណាចក្រ ហើយ អាណាចក្ររុងរឿងទៅបានដោយសារស្រុកទេសយើងមានសុខសន្តិភាព ទើបមានសិទ្ធសេរីភាពនិងមានការអភិវឌ្ឍ ព្រមទាំងលទ្ធិប្រជាធិបតេយ្យផងដែរ។
លោកបណ្ឌិតប៉ែន ស៉ីម៉ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅគ្រប់រូបត្រូវបន្តរួបរួមសាមគ្គគ្នាធ្លុងមួយនិងត្រូវតែមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាការពារសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថា៖ ទេយ្យវត្ថុនិងទៀនព្រះវស្សាដែលបានប្រគេនសម្រាប់ព្រះសង្ឃ ទាំង២៦៨វត្តក្នុងមួយវត្តមានទៀនព្រះវស្សា១គូរ អង្ករ៥០គីឡូទឹកក្រូច១កេះ ទឹកសុទ្ធ១កេះនិង បច្ច័យ១៥ម៉ឺនរៀល តាអាចារ្យមកពីវត្តទាំង២៦៨វត្តម្នាក់៤ម៉ឺនរៀលបច្ច័យក្នុងនោះមានការចូលរួមពីឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉ន និងរដ្ឋបាលខេត្តកំពត ព្រមទាំងពុទ្ធបរិស័ទតាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរ៕ សេង ណារិទ្ធ









