(ខេត្តកែប)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៃខេត្តកែប បានដាក់គោលដៅចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ ដែលកំពុងចរាចរនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្រមការងារបានឲ្យថឹងថា ក្នុងទិសដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅរសៀលនេះ ក្រុមការងារបានឃាត់រថយន្តមកត្រួតពិនិត្យបានចំនួន៣០គ្រឿង ក្នុងចំណោមនោះរថយន្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមាន២៣គ្រឿង និងមាន០៧គ្រឿងដែលជារថយន្តល្មើស ដូចជា៖ រថយន្តខ្វះឯកសារចំនួន០៣គ្រឿង រថយន្តតរានទៅក្រោយចំនួន០៣គ្រឿង និងរថយន្តដឹកសំពីងសំពោងមាន០១គ្រឿង។
ក្រុមការងារត្រួតពិនិត្យបានបញ្ជាក់ថា ចំពោះការអនុវត្តនេះការដោះរានចេញក្នុងចំណោមរថយន្តបីគ្រឿង ក៏មានភាពប្រទង់ប្រទាញខ្លះ ដោយសារមានរថយន្តប្រភេទទួរីសដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-8784 ដែលតរានមកក្រោយខុសទ្រង់ទ្រាយបច្ចេកទេសមិនព្រមដោះរានចេញតាមសម្រួលឡើយ ថែមទាំងទូរស័ព្ទហៅអ្នកកាសែតឲ្យមកជួយអន្តរាគមន៍រថយន្តរបស់ខ្លួនទៀតផង។
ក្រុមការងារត្រួតពិនិត្យយានយន្ត ដែលមានមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចចរាចរណ៍ខេត្តកែប បានបញ្ជាក់ផងដែរថា ចំពោះការរឹងរូសមិនព្រមឲ្យក្រុមការងារជំនាញអនុវត្តតាមគោលការណ៍ច្បាប់ ដែលកំពុងអនុវត្តទូទាំងប្រទេសនេះ គឺត្រូវតែដោះរានក្រោយចេញ ហើយប្រគល់ឲ្យផែននគរបាលចរាចរណ៍ផ្លូវគោកខេត្តកែប ផាកពិន័យតាមផ្លូវច្បាប់។
ជាមួយគ្នានេះ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តកែប សំណូមពរដល់ម្ចាស់រថយន្តល្មើសដែលកំពុងហៅអ្នកកាសែតមកជួយអន្តរាគមន៍ខាងលើ សូមងាកមកចូលរួមគោរពច្បាប់ទាំងអស់គ្នា សូមកុំរឹងរូស ដោយសំអាងលើអន្តរាគមន៍ពីមជ្ឈដ្ឋានខាងក្រៅបែបនេះឲ្យសោះ ព្រោះក្រុមការងារអនុវត្តទៅតាមគោលការណ៍ច្បាប់ដែលបាននិងកំពុងពង្រឹងនៅទូទាំងប្រទេស។
សូមជម្រាបថា៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក បានដាក់ឱសានវាទចាប់ពីពេលនេះតទៅ ដោយគ្មានវត្តមាន ឡានតទ្រុង ឬរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បើកបរនៅលើដងផ្លូវទៀតឡើយ។បើតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត ក្រុងនោះជាអ្នកទទួលខុសត្រូវ។បើនរណាមកតវ៉ា ឬកាង ទោះជាឋានៈណាក៏ដោយក៏ត្រូវតែចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕ សេង ណារិទ្ធ









