(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៣ខែឧសភាឆ្នាំ ២០១៩សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានប្រារព្ធពិធីមីទ្ទីងអបអរសាទរខួបលើកទី១៥៦ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០១៩ ក្រោមប្រធានបទ”ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។
អង្គពិធីបានប្រព្រឹត្តទៅនាសាលសន្និសីទខេត្តកំពត ក្រោមអធិបតីភាព លោក បណ្ឌិត ប៉ែន ស៉ីម៉នអ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០រដ្ឋសភា និងមានការនិមន្តអញ្ជើញចូលរួមពី លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពត និងមន្ត្រីព្រះសង្ឃក្នុងខេត្ត ព្រមទាំង លោក-លោកស្រី ជាសមាជីក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពតនិងសមាជិក សមាជិកាសាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុង ស្រុក សិស្ស និស្សិតយុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធនិងសប្បុរសជន សរុបចំនួនប្រមាណជាង១៧០០នាក់។
បន្ទាប់ពី លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអាននូវសេចក្ដីថ្លែងការរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងអង្គមិទ្ទីងអបអរសាទរខួបលើកទី១៥៦ទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម៨ឧសភាឆ្នាំ២០១៩ រួចមក លោក បណ្ឌិត ប៉ែន ស៉ីម៉ន បានបញ្ជាក់ថា៖ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរការយកចិត្តទុកដាក់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលត្រូវការឲ្យជួយសង្គ្រោះដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។
លោកបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានចាត់ទុកការចូលរួមពីសំណាក់ សមាជីក សមាជិកា សប្បុរសជនពេលនេះគឺជាសក្ខីភាពបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដែលមានតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពនិងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌របស់ចលនានិងការអភិវឌ្ឍសហគមន៍។
លោកមបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានថ្លែងអំណរគុណកោតសរសើរចំពោះសប្បុរសជនដែលតែងតែបានចូលរួមផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាដល់សាខាកាកបាទក្រហមខេត្តកំពតនិងក៏បានអំពាវនាវសូមឲ្យបន្តការគាំទ្រនេះថែមទៀត ដើម្បីការធានាបាននូវការផ្គត់ផ្គង់ផ្នែកធនធានហិរញ្ញវត្ថុដែលជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ប្រតិបត្តការមនុស្សធម៌ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់អ្នករងគ្រោះនិងអ្នកងាយរងគ្រោះបំផុតដែលត្រូវការជំនួយជាចាំបាច់។
ជាមួយឱកាសនោះ វិភាគទានថវិកាដែលសប្បុរសជនបានចូលរួមជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាពេលនេះគឺសរុបមានចំនួន ៦២៦.៥៦៥ដុល្លារ៕ សេង ណារិទ្ធ










